ខ្សែបម្រើ Bektur Amangeldiev សមាជិករបស់ក្រុមបាល់ទាត់ណាហ្គាវើលដ៍ បានជួយឲ្យក្រុមជម្រើសជាតិកៀហ្ស៊ីស៊ីស្ថាន ឡើងទៅជុំទី៣ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ ប្រចាំទ្វីបអាស៊ី ក្រោយឆ្លងកាត់៦ប្រកួត ឈ្នះ៣ ស្មើ២ និងចាញ់១ មាន១១ពិន្ទុ ឈរលេខ២ នៃពូល D។

ស្របពេលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី គឺជាក្រុមអាស៊ាន តែ១គត់ដែលអាចឈានទៅដល់វគ្គនោះ បន្ទាប់ពី វៀតណាម, ហ្វីលីពីន, ថៃ ,ម៉ាឡេស៊ី ,សិង្ហបុរី និងមីយ៉ាន់ម៉ា ហាលអាវត្រឹមជុំទី២។

ក្រុមជម្រើសជាតិទាំង១៨ ដែលឡើងទៅជុំទី៣ នៃវគ្គជម្រុះ World Cup មានដូចជា៖

  • អូស្ត្រាលី
  • បារ៉ែន
  • ចិន
  • ឥណ្ឌូនេស៊ី
  • អ៊ីរ៉ង់
  • អ៊ីរ៉ាក់
  • ជប៉ុន
  • ហ្ស៊កដានី
  • គុយវ៉ែត
  • កៀហ្ស៊ីស៊ីស្ថាន
  • កូរ៉េខាងជើង
  • អូម៉ង់
  • ប៉ាឡេស្ទីន
  • កាតា
  • អារ៉ាប៊ីសាអូឌីត
  • កូរ៉េខាងត្បូង
  • អារ៉ាប់រួម
  • អ៊ូសបេគីស្ថាន។

សម្រាប់វគ្គជម្រុះ World Cup ជុំទី៣ ប្រចាំទ្វីបអាស៊ី គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយ១៨ក្រុម បែងចែកជា៣ពូល ក្នុង១ពូលមាន ៦ក្រុម។

គួរដឹងថាកីឡាករ Bektur Amangeldiev ចូលរួមជាមួយណាហ្គាវើលដ៍ នៅរដូវកាល ២០២៣-២៤ ដោយបង្ហាញខ្លួនសរុបនៅលីគកំពូលកម្ពុជា ២៣ប្រកួត ស៊ុតបាន២គ្រាប់ ខណ:រូបគេគឺជាកីឡាករបរទេសទី៣ ដែលត្រូវបានក្រុមជម្រើសជាតិកោះហៅ បន្ទាប់ពី Soe Moe Kyaw របស់ភ្នំពេញក្រោន និង Pocholo Bugas របស់អង្គរថាយហ្គឺរ៕

Share.