ភ្នំពេញ៖ ឪពុកម្តាយ ឱ្យកូនប្រុសអាយុ ១៣ឆ្នាំជិះម៉ូតូហុងដាឌ្រីម ទៅសាលារៀន វិលវិញឆ្លៀតជូនមិត្តភក្តិទៅផ្ទះ បត់ផ្លូវកោងជ្រុលដួលរងរបួសធ្ងន់ បាក់ជើងស្តាំ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

កុមារារងគ្រោះ មានឈ្មោះ កន ភក្តី អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ អនុវិទ្យាល័យពងទឹក មានទីលំនៅក្នុងភូមិកើតហេតុ រងរបួសបាក់ជើងស្តាំ ។

តាមប្រភពបានឱ្យដឹងថា ក្មេងរងគ្រោះត្រូវបានឪពុកម្តាយបណ្តោយឱ្យជិះម៉ូតូ ទៅសាលារៀន ហើយមុនកើតហេតុ ក្មេងរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HC-9448 ចេញពីសាលារៀន ឌុបមិត្តភក្តិទៅផ្ទះក្នុងភូមិ វិលមកវិញ តាមផ្លូវបេតុងពីលិចទៅកើត ដល់ចំណុចផ្លូវកោង ជ្រុលចង្កូតដួលខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ បាក់ជើងស្តាំ ។

ក្រោយកើតហេតុក្មេងរងគ្រោះ ត្រូវបានក្រុមគ្រួសារហៅរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.