នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន Cambodia Premier League បានប្រកាសអំពីក្លិបចំនួន២ ដែលត្រូវបានដំឡើងពីលីគ២ ទៅកាន់លីគកំពូលកម្ពុជា សម្រាប់រដូវកាល ២០២៤-២៥ គឺសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ និងក្លិបបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ។

ដូច្នេះសមាសភាពក្លិបបាល់ទាត់នៅលីគកំពូលកម្ពុជា កើនដល់១១ រដូវកាល ២០២៤-២៥៖

 • វិសាខា
 • ព្រះខ័នរាជស្វាយរៀង
 • ភ្នំពេញក្រោន
 • ណាហ្គាវើលដ៍
 • ក្រសួងមហាផ្ទៃ
 • Tiffy Army
 • Life FC
 • គិរីវង់សុខសែនជ័យ
 • ISI ដង្កោសែនជ័យ
 • បឹងកេត
 • អង្គរថាយហ្គឺរ។

សម្រាប់សមាគម ឬក្លិប ដែលអាចឡើងទៅកាន់លីគកំពូលកម្ពុជា ត្រូវបំពេញលក្ខខណ្ឌសំខាន់ៗអាជ្ញាប័ណ្ណក្លិបដូចជា៖

១.លក្ខណៈវិនិច្ឆ័យកីឡា (Sporting Criteria) ក្លិប ឬសមាគមត្រូវមានការអភិវឌ្ឍនូវវិស័យបាល់ទាត់របស់ខ្លួន ដូចជាការអភិវឌ្ឍនូវធនធានយុវជន (ឈុតយុវជន U18, U15) ។
២.លក្ខណៈវិនិច្ឆ័យហេដ្ឋារចនាសម្ព័ន្ធ (Infrastructure Criteria) ក្លិប ឬសមាគមតម្រូវឲ្យមានកីឡដ្ឋានប្រកួតផ្ទាល់ខ្លួន រឺចុះអនុស្សរណៈប្រើប្រាស់កីឡដ្ឋានណាមួយដែល CPL ទទួលស្គាល់។
៣. លក្ខណៈវិនិច្ឆ័យបុគ្គលិក និងផ្នែករដ្ឋបាល (Personnel and Administrative Criteria) ក្លិប ឬសមាគមត្រូវបាន តម្រូវឲ្យមានបុគ្គលិកជំនាញដូចជា អ្នកចាត់ការទូទៅ, អ្នកគ្រប់គ្រងហិរញ្ញវត្ថុ, អ្នកផ្សព្វផ្សាយ, ពេទ្យព្យាបាលកាយសម្បទា, គ្រូបង្វឹក ។ល។ ដែលអ្នកទាំងនោះត្រូវការមានអាជ្ញាប័ណ្ណបញ្ជាក់ពីជំនាញរបស់ខ្លួន ( គ្រូបង្គោលក្លិបយ៉ាងហោច A License)។
៤. លក្ខណៈវិនិច្ឆ័យតាមច្បាប់ (Legal Criteria) សមាគមបានចុះបញ្ជី ក្នុងក្រសួងមហាផ្ទៃ ដែលបានប្រកាសឈ្មោះថាសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ពាក្យកាត់ (ស.ប.ទ.ម.ផ)។
៥.លក្ខណៈវិនិច្ឆ័យលើហិរញ្ញវត្ថុ (Financial Criteria) សមាគមមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ ដែលបានទទួលស្គាល់ពីក្រុមហ៊ុនសវនកម្ម៕

Share.