ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ណែនាំ​ទៅ​កាន់​មន្ទីរ និង​ការិយាល័យ​អប់រំ ព្រមទាំង​គ្រឹះស្ថាន​សិក្សា​រដ្ឋ និង​ឯកជន​ឲ្យ​ចាត់​វិធានការ​ទប់ស្កាត់​ការ​ប្រើប្រាស់ និង​ចែកចាយ បារី​អេឡិចត្រូនិក នៅ​ក្នុង និង​ជុំវិញ​បរិវេណ​សាលារៀន។ ក្រសួងបានដាក់វិធានការចំនួន៣ ដើម្បី​ឲ្យ​មន្ទីរ និង​ការិយាល័យ​អប់រំ ព្រមទាំង​គ្រឹះស្ថាន​សិក្សា​រដ្ឋ និង​ឯកជន​អនុវត្ត ដោយ​ក្នុង​នោះ​រួម​មាន​៖

ទី១ ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​តាម​គ្រប់​រូបភាព​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​បារី​អេឡិច ត្រូនិក (E-Cigarette/Vape) និង​ផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ដល់​បុគ្គលិក​អប់រំ និង​អ្នក​សិក្សា​។ ទី២ ហាមឃាត់​ការ​ប្រើប្រាស់ ការ​ចែកចាយ ការ​ជួញដូរ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​រូបភាព​នូវ​បារី អេឡិចត្រូនិក (E-Cigarette/Vape) និង​ផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ខាង​ក្នុង និង​ជុំវិញ​ខាង​ក្រៅ​បរិវេណ​គ្រឹះស្ថាន​សិក្សា​។ ទី៣ សហការ​ជា​មួយ​មាតា បិតា ឬ​អ្នក​អាណាព្យាបាល បុគ្គលិក​អប់រំ អ្នក​សិក្សា និង​អ្នក​ពាក់ព័ន្ធ ក្នុង​ការ កំណត់​មុខសញ្ញា ទីតាំង​ចែកចាយ និង​ជួញដូរ​បារី​អេឡិចត្រូនិក (E-Cigarette/Vape) និង​ផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ដើម្បី​រាយការណ៍​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​។

ក្រសួង​ក៏​បាន​លើក​ឡើង​ពី​វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​បារី​អេឡិចត្រូនិក និង​ការ​ព្រួយ​បារម្ភ​ថា បារី​អេឡិចត្រូនិក (E-Cigarette/Vape) និង​ផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) មិនមែន​ជា​ឧបករណ៍​សម្រាប់​ផ្ដាច់​ការ​ជក់​បារី​នោះ​ទេ ប៉ុន្តែ​ជា​ផលិតផល​ដែល​មាន​ផល​ប៉ះពាល់​ដល់​សង្គម ក្រុម​គ្រួសារ និង​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ដូច​ជា​បង្ក​ជំងឺ​មហារីក ជំងឺសួត បង្កើន​ហានិភ័យ​ជំងឺ បេះដូង ធ្វើ​ឱ្យ​ខួរក្បាល​មាន​ដំណើរ​ការ​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​ប្រើប្រាស់ និង​ប៉ះពាល់​យូរ​អង្វែង​ដល់​ការ​លូតលាស់ ខួរ​ក្បាល​របស់​កុមារ និង​យុវវ័យ ព្រមទាំង​បង្ក​អន្តរាយ​ដល់​រាងកាយ​៕

Share.