កំពង់ចាម៖ ដំណើរការកិច្ចលទ្ធកម្មគម្រោងផ្លូវបេតុងប្រវែងជាង១គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន៣ ក្នុងស្រុកចំការលើ បានដាក់ឱ្យប្រកួតប្រជែងដោយសេរី នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាស្រុកចំការលើ ដោយមានក្រុមហ៊ុនចំនួន១០ ដែលមានចេតនាប្រជែងយកភាពស្របច្បាប់ដើម្បីទទួលបានសិទ្ធិក្នុងការកសាងផ្លូវបេតុងជាង១គីឡូម៉ែត្រ ក្នុងស្រុកចំការលើនេះ។

បន្ទាប់ពីដាក់ឱ្យក្រុមហ៊ុនទាំង១០ ប្រកួតប្រជែងដោយសេរី គឺមានក្រុមហ៊ុនចំនួន៣ ត្រូវបានរដ្ឋបាលខេត្ត ស្រុក ទទួលស្គាល់ជាផ្លូវការ ព្រមទាំងមានការឯកភាពពីគណៈកម្មាការលទ្ធកម្ម  អ្នកទទួលការ និងអ្នកព័ត៌មានជាច្រើនស្ថាប័នចូលរួមសង្កេតការណ៍លើករណីនេះផងដែរ។ 

លោក ឡី មិច នាយករងសាលាខេត្តបានថ្លែងថា ដំណើរការកិច្ចលទ្ធកម្មវាដដែលៗទេ អ្នកមានបំណងដេញអញ្ជើញចូលក្នុងសាលប្រជុំសាលាស្រុកអង្គុយឱ្យស្ងៀម កុំឆ្វេកឆ្វាច បង្កភាពរញ៉េរញ៉ៃ ដូចទីផ្សារត្រីនោះវាមិនល្អទេ ។ ហើយរដ្ឋបាលខេត្ត ស្រុក រៀបចំឱ្យបងប្អូនចូលរួមប្រកួតប្រជែងដោយសេរី តែក្នុងលក្ខខណ្ឌស្របច្បាប់មានឯកសារគ្រប់គ្រាន់ផងដែរ ។ ហើយត្រូវគោរពការងាររដ្ឋ គោរពរាជការ ព្រោះក្រុមហ៊ុនយើងទាំងអស់គ្នាជាក្រុមហ៊ុនឯកជន គ្មានរចនាសម្ព័ន្ធនោះទេ ស្តាប់ការណែនាំ ទើបដំណើរការប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីថ្លៃថ្នូរ ។

ត្បិតការដេញថ្លៃនេះ មានភាពមិនប្រក្រតីតិចតួចក្តី ប៉ុន្តែវានៅតែដមណើរការទៅដោយរលូន ដោយគេបានប្រើថេរវេលាដូចការដេញនាពេលកន្លងមកដែរ គឺប្រើពេលត្រឹមតែ១០នាទីទេ ដើម្បីជ្រើសរើសយកក្រុមហ៊ុនបានចំនួន៣ ដែលបានចូលរួមទទួលយកមូលនិធិឃុំ សង្កាត់ ក្នុងតម្លៃប៉ាន់ស្មានទឹកប្រាក់ ៦១០លានរៀល ហើយដេញបានតម្លៃ៥៥៥លានរៀល កសាងផ្លូវបេតុងជាង១គីឡូម៉ែត្រ។ ផ្លូវជាង១គីឡូម៉ែត្រនេះ ឆ្លងកាត់ក្នុងឃុំចំនួន៣ គីឃុំបុសខ្នុរ ឃុំល្វាលើ ទាំងពីរឃុំនេះ កសាងដោយក្រុមហ៊ុន យ៉េន ប៊ុនថេន  និងឃុំជយោ កសាងដោយក្រុមហ៊ុន អ៊ូ លាងហ៊ុង ។ ក្រុមហ៊ុនទាំង៣ ត្រូវអនុវត្តន៍ការសាងទៅតាមកិច្ចកុងត្រា ដាក់គ្រឿងចក្រធ្វើកាន់តែឆាប់កាន់តែល្អ ឆាប់បានផ្លូវជូនពលរដ្ឋយើងដែលគាត់ចង់បានជាយូរមកហើយនោះ ៕

អត្ថបទ៖អាចារ្យលាក់

Share.