ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌ៧មករា បានបន្តការចុះធ្វើរដ្ឋបាលត្រួតពិនិត្យ នៅតំបន់ស្មុគស្មាញ ក្នុងភូមិសាស្ត្រដើម្បីបង្ការទប់ស្កាត់នូវរាល់បញ្ហាអសន្តិសុខ ដែលកើតមានឡើងក្នុងមូលដ្ឋាន ។

លោក ថេង សុថុល អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងគណះបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះធ្វើរដ្ឋបាលនៅតំបន់អគារបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដើម្បីបង្ការទប់ស្កាត់បទល្មើស និងបង្ក្រាបសកម្មភាពគ្រឿងញៀន និងក្មេងទំនើងជាដើម ។

លោក ណុប ផា អភិបាលរងខណ្ឌ៧មករា តំណាងលោកអភិបាលខណ្ឌ បានប្រាប់ឱ្យដឹងថា អាជ្ញាធរខណ្ឌតែងយកចិត្តទុកដាក់ក្នុងការចុះធ្វើរដ្ឋបាលជាប់លាប់ជាប្រចាំនៅតំបន់អាគារបុរីកីឡានេះ ព្រោះតំបន់នេះ ជាតំបន់ភូមិសាស្ត្រស្មុគស្មាញ ឧស្សាកើតមានសកម្មភាពក្មេងទំនើង ជនញៀនថ្នាំ បង្កអសន្តិសុខទាំងពេលយប់ និងពេលថ្ងៃ។

លោកបានបន្តទៀតថា បច្ចុប្បន្ននេដោយកម្លាំគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើរដ្ឋាបាលត្រួតពិនិត្យជាប្រចាំ
នៅតំបន់ខាងលើ មានភាពល្អប្រសើរច្រើន ប៉ុន្តែទោះជាយ៉ាងណា កម្លាំងអាជ្ញាធរ ក៏មិនបានបន្ធូរដៃក្នុងការ អនុវត្តន៍វិធានការរដ្ឋបាលលើបញ្ហានេះឡើយ គឺនៅបន្តធ្វើកិច្ចការងារនេះ រហូតទទួលបានប្រសិទ្ធិភាពខ្ពស់ ដើម្បីធានាបានសន្តិសុខជូនពលរដ្ឋ ។

ជាលទ្ធផលសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យចំនួន ២០ នាក់ ក្នុងនោះជនសង្ស័យដែលរងគ្រោះប្រើប្រាស់គ្រឿងញៀនមានចំនួន ០៩ នាក់ និង ជនសង្ស័យដែលជាមុខសញ្ញាក្មេងទំនើងមានចំនួន ១១ នាក់ ( មានសារធាតុញៀនក្នុងខ្លួន ០៦ នាក់) ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលកម្លាំងគណះបញ្ជាការឯកភាពខណ្ឌ៧មករា ចុះធ្វើរដ្ឋបាលនៅតំបន់បុរីកីឡានេះ ។ ហើយការចុះធ្វើរដ្ឋបាលកាលពីពេលកន្លងៗទៅ គឺតែងតែបានប្រមូលក្រុមក្មេងទំនើង ក្មេងញៀនថ្នាំ ជនអាណាថា ជនប្រព្រឹត្តិបទល្មើសផ្សេងៗ ឬគ្រឿងញៀនជាដើម ដោយបានធ្វើការដកហូតវត្ថុតាងជាច្រើនជាបន្តបន្ទាប់ និងបានឃាត់ខ្លួនមនុស្ស ហើយបានប្រើវិធានការអប់រំ នឹង វិធានការច្បាប់ ។

បច្ចុប្បន្នជនជាប់ពាក់ព័ន្ធទាំង២០នាក់ខាងលើ កម្លាំងសមត្ថកិច្ចកំពុងបន្តសាកសួរទៅតាមជំនាញដើម្បីអនុវត្តន៍ទៅតាមនិតិវិធី៕

អត្ថបទ៖ សេង សាវី

Share.