គម្រោង​ផ្លូវ​តភ្ជាប់​ក្រុង​បូកគោ​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ៤ ត្រូវ​បាន​ឈូស​ឆាយ​រួចរាល់ តែ​មិន​ទាន់​បញ្ជាក់​ពី​ផែន​បញ្ចប់​គម្រោង​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​គម្រោង គឺ​លោក ស្វាយ វុទ្ធី។ គម្រោង​ផ្លូវ​នេះ គឺ​ត្រួសត្រាយ​ថ្មី​ទាំង​ស្រុង ដោយ​មិន​មាន​ដាន​ផ្លូវ​ចាស់​ទេ ដូច្នេះ​ត្រូវ​ចំណាយ​ថវិកា​រហូត​ដល់ ៣​លាន​ដុល្លារ សម្រាប់​ប្រវែង​ផ្លូវ១​គីឡូម៉ែត្រ​។

បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​គម្រោង  ផ្លូវ​ថ្មី​នេះ​មាន​ប្រវែង​ជាង ៦០ គីឡូម៉ែត្រ ទទឹង​១២ម៉ែត្រ ពី​ក្រុង​បូកគោ​នៃ​ខេត្ត​កំពត ដល់​ផ្លូវ​ជាតិ​លេខ​៤​ត្រង់​ចម្ការ​ដូង​ប្រេង​ឧកញ៉ា ម៉ុង ឫទ្ធី ម្ដុំ​គីឡូម៉ែត្រ ១៥៨ ដោយ​ក្រាល​បេតុង​ខាងក្រោម ហើយ​ចាក់​កៅស៊ូ​ខាង​លើ ដើម្បី​ធានា​គុណភាព​ប្រើប្រាស់​បាន​យូរ​អង្វែង​។ បច្ចុប្បន្ន គម្រោង​ផ្លូវ​ថ្មី​នេះ សម្រេច​ការ​ឈូស​ឆាយ ត្រួសត្រាយ​ផ្លូវ​រួចរាល់​ហើយ និង​ចាក់​បេតុង​បាន​៣​គីឡូម៉ែត្រ​។ ប៉ុន្តែ​ប្រធាន​គម្រោង​មិន​ទាន់​អះអាង​ពី​ផែនការ​បញ្ចប់​នៅ​ពេលណា​នោះ​ទេ ព្រោះ​តែ​បញ្ហា​សេដ្ឋកិច្ច​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន​សាងសង់​។

គម្រោង​ផ្លូវ​ថ្មី​ពី​ក្រុង​បូកគោ​ទៅ​ផ្លូវ​ជាតិលេខ៤ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​សាងសង់​ឲ្យ​ទៅ​ក្រុមហ៊ុន​សុខា របស់​អ្នក​ឧកញ៉ា សុខ គង់ ហើយ​ចាប់​ផ្ដើម​បើក​ការដ្ឋាន​សាង​សង់​នៅ​ឆ្នាំ ២០២៣ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ទំហំ​ទឹក​ប្រាក់​នោះ​ទេ​។ បើ​បូក​តាម​តួលេខ ដែល​ប្រធាន​គម្រោង​បាន​លើកឡើង​ខាង​លើ គឺ​ខ្ទង់ ជាង ១៨០ លាន​ដុល្លារ​។ ក្រោយ​ពី​បញ្ចប់​ការ​សាងសង់​ក្រុមហ៊ុន​នឹង​ដាក់​ឲ្យ​សាធារណជន​អ្នក​ធ្វើ​ដំណើរ​ប្រើប្រាស់​ដោយ មិន​បង់​ប្រាក់​នោះ​ឡើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​គម្រោង​។

គម្រោង​ផ្លូវ​ក្រុង​បូកគោ​ទៅ​ផ្លូវជាតិ​លេខ៤ ស្ថាបនា​ឡើង​ដើម្បី​ត​ភ្ជាប់​ផ្លូវ​ជាតិ​លេខ៣ ទៅ​ផ្លូវ​ជាតិ​លេខ៤ ឆ្លង​កាត់​ក្រុង​បូកគោ​ដែល​ជា​ក្រុង​ថ្មី និង​កំពុង​អភិវឌ្ឍ នៃ​ខេត្ត​កំពត ដោយ​មើល​ឃើញ​ថា វា​នឹង​បង្កើត​បាន​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​មួយ​ទៀត ដែល​នាំ​មក​នូវ​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់ ជា​ពិសេស​តំបន់​បូកគោ ដែល​សក្ដានុពល​ទេសចរណ៍​មាន​ស្រាប់ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់​ការ​រស់នៅ​ក៏​កំពុង​ដុះដាល​ជា​បណ្ដើរៗ​ហើយ​ដែរ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.