កណ្តាល៖ កម្លាំងសមត្ថកិច្ចខេត្តកណ្តាល បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្យ័យម្នាក់ ក្រោយេពីបានធ្វើសកម្មភាព បន្លំចូលទៅរលទិញអីវ៉ាន់ ឃើញឱកាសល្អលួចយកទូរស័ព្ទបាន២គ្រឿង នៅទីតាំងផ្សែងគ្នាដោយលើកទី០១ កាលពីថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៦:៥៣នាទី នៅចំណុច ក្នុងផ្ទះជនរងគ្រោះ ភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឃាត់ខ្លួនមាន ឈ្មោះ ភូវ កំសល់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលរកា សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល ០៣ខែ។ ដកហូតវត្ថុតាងម៉ូតូ ០១គ្រឿងម៉ាក Yamaha Grand Filano ពណ៌ខៀវ ផលិតឆ្នាំ២០១៨ ផ្លាកលេខ បាត់ដំបង 1AJ-6069។

ជនរងគ្រោះទី ០១នាក់ឈ្មោះ ជាម លីហុង ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ សង្កាត់កើតហេតុ បានបាត់បង់ទូរស័ព្ទ ០១គ្រឿងម៉ាក IPhone 11 pro max និង លើកទី០២ ជនរងគ្រោះឈ្មោះ សែម ចាន់ទី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ សង្កាត់កើតហេតុ បានបាត់បង់ទូរសព្ទ័០១គ្រឿងម៉ាក IPhone 13 pro max ស្ថិតនៅចំណុច ក្នុងផ្ទះជនរងគ្រោះ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៦:៥៣នាទី នៅពេលជនរងគ្រោះទី១ ជាប់រវល់លក់ដូរ ពេលនោះក៏មានជនសង្ស័យម្នាក់បានបន្លំខ្លួនធ្វើជាភ្ញៀវ មករកទិញគ្រឿងក្រអូប ហើយបានធ្វើសកម្មភាពលួចទូរស័ព្ទ ០១គ្រឿងម៉ាក IPhone 11 pro max ដែលបានសាកថ្មទុកនៅលើតុ ហើយយករត់គេចខ្លួនឡើងជិះម៉ូតូបាត់ទៅ។ លុះមកដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១:៥០នាទី នៅពេលជនរងគ្រោះទី២ ជាប់រវល់លក់ដូរ ពេលនោះក៏មានជនសង្ស័យម្នាក់បានបន្លំខ្លួនធ្វើជាភ្ញៀវ មករកទិញអីវ៉ាន់ ហើយបានធ្វើសកម្មភាពលួចទូរស័ព្ទ ០១គ្រឿងម៉ាក IPhone 13 pro max ដែលបានសាកថ្មទុកនៅលើតុ ហើយយករត់គេចខ្លួនឡើងជិះម៉ូតូបាត់ទៅដូចគ្នា។

ទើបនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ក៏ត្រូវកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាន ហើយបញ្ជូនមកអធិការដ្នាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីតែម្តង។
តាមការសាកសួរជនសង្ស័យបានឆ្លើយថាគាត់ ពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះខាងលើប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.