កណ្តាល៖​ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវាបានឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចរថយន្តមួយគ្រឿងចេញពីស្រុកអង្គស្នួល រួចព្យាយាមបើករត់គេច ​មកដល់ផ្លូវជាតិលេខ១ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៨:៣០នាទី ចំណុចភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះ ០១នាក់ឈ្មោះ យុង សុផាត ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡានឈ្នួល បច្ចុប្បន្នរស់នៅភូមិរកា សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យចំនួន ០៤នាក់ ទី១.ឈ្មោះ ង្វៀង ថាន់ ឌុង (Nguyễn Thanh Đồng) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅមិនពិតប្រាកដ ។ ឃាត់ខ្លួនបាន ។ទី២.ឈ្មោះ លី ជុន វ៉ៃ (Li Jun Wei) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មានទីលំនៅមិនពិតប្រាកដ ។ (ឃាត់ខ្លួន)។ ចំណែក២នាក់ទៀតគេចខ្លួន០២នាក់ មិនស្គាល់អត្តសញ្ញាណ។

វត្ថុតាងចាប់យកបានមានរថយន្ត ០១គ្រឿងម៉ាក TOYOTA ALPHARD ពណ៌ស ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខ ភ្នំពេញ 2BX-6820 (របស់ជនរងគ្រោះ) ។

 តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា  កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៨:០០នាទី ជនរងគ្រោះបានបើករថយន្តខាងចេញពីផ្ទះរបស់ខ្លួនខ្លួនដើម្បីយករថយន្តទៅធ្វើនៅភ្នំពេញ និងទៅរកដឹកភ្ញៀវនៅមុខព្រលានយន្តហោះពោធិ៍ចិនតុង។ រហូតវេលាម៉ោង១០:០០នាទី ក្រុមអ្នករត់តាត់ស៊ីដូចគ្នា បាននាំគ្នាលេងក្នុងគ្រុបឆាត ថាមានជនជាតិចិនរកជួលរថយន្ត ពេលនោះជនរងគ្រោះបានឆាតទៅជនជាតិចិនខាង រួចជនជាតិចិនខាងលើបានដាក់ទីតាំងឱ្យជនរងគ្រោះទៅជួបម្តុំស្ពានអាកាសផ្សារដីហុយ ពេលទៅដល់ជនរងគ្រោះបានជួបនឹងជនជាតិចិនខាងលើ ពេលនោះជនរងគ្រោះបានសួរទៅជនជាតិចិន តាមរយៈទូរស័ព្ទបកប្រែភាសា ថាចង់ទៅណា ហើយជនជាតិចិន បានតបវិញថា ទៅច្រកព្រំដែនព្រែកចាក (ទៅវិញទៅមក) រួចជនរងគ្រោះបានទារថ្លៃដឹកទៅវិញទៅមកក្នុងតម្លៃ ១៩០ដុល្លារ ហើយជនជាតិចិនខាងលើបានតថ្លៃ ១៤០ដុល្លារ ពេលនោះជនរងគ្រោះបានយល់ព្រមហើយដឹកជនជាតិចិននោះខាងលើ ទៅច្រកព្រំដែនព្រែកចាក ពេលទៅដល់ជនជាតិចិនខាងលើ បានជួបនិងនារីជនជាតិចិនដូចគ្នា ហើយបាននាំគ្នាទៅជាមួយគ្នា ដោយឡែកជនរងគ្រោះអង្គុយចាំនៅរថយន្ត ពេលហូបបាយរួចជនជាតិចិនខាងលើបាននាំគ្នាដើរចូលកន្លែងអនឡាញនៅទីនោះបាត់ប្រហែលមួយម៉ោង ទើបជនជាតិចិនខាងលើដើរចេញមកនិងនាំជនជាតិវៀតណាម ០៣នាក់ទៀត មកជាមួយ តែពុំឃើញជនជាតិចិនស្រីនោះចេញមកទេ។

ពេលនោះជនរងគ្រោះបានបើករថយន្តដឹកជនជាតិចិន និងជនជាតិវៀតណាម ០៣នាក់ទៀត ត្រឡប់មកភ្នំពេញវិញដោយបើករថយន្តតាមបណ្ដោយផ្លូវជាតិលេខ៣ លុះដល់ចំណុចកើតហេតុខាងលើ ជនជាតិរៀតណាមទាំង ០៣នាក់ខាងលើ បានព្រួតគ្នាវាយជនជាតិចិនតែម្តង ឃើញដូចនោះជនរងគ្រោះភ័យ ក៏បានអែបរថយន្តចូលកៀន ហើយរត់ចុះពីលើរថយន្តតែពុំពន្លត់ម៉ាស៊ីនទេ ហើយជនរងគ្រោះបានដើរចូលទៅពន្លត់ម៉ាស៊ីនរថយន្តវិញ តែត្រូវបានជនជាតិវៀតណាមខាងលើចាប់ដៃ និងបានដណ្ដើមសោរថយន្តពីចង្កេះខោរបស់ជនរងគ្រោះបាន រួចបើករថយន្តខាងរត់គេចខ្លួន រហូតដល់ចំណុចឃុំគរគីធំ ស្រុកកៀនស្វាយ ទើបកម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយ បានឃាត់ខ្លួនជនសង្ស័យលើ បានចំនួន០២នាក់ ចំណែកជនជាតិវៀតណាម០២នាក់ទៀត ចុះពីលើរថយន្តរួចគេចខ្លួនបាត់ ដោយឡែកជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ប្រគល់ជូនកម្លាំងផ្នែកជំនាញស្រុកកណ្ដាលស្ទឹង ដើម្បីធ្វើសាកសួរ ។

ក្រោយធ្វើការសាកសួររួចជនសង្ស័យជនជាតិចិន បានឆ្លើយសារភាពថាត្រូវបានមិត្តភក្តិម្នាក់ទៀត ឱ្យទៅទទួលភ្ញៀវជនជាតិវៀតណាម ០៣នាក់ខាងលើ ពីច្រកព្រំដែនព្រែកចាក ដើម្បីទៅធ្វើការនៅច្រកព្រំដែនជ្រៃធំ។

ដោយឡែកជនជាតិវៀតណាមខាងលើ បានឆ្លើយសារភាពថាខ្លួនត្រូវបានជនជាតិចិនខាងលើ លស់ខ្លួនចេញពីកន្លែងអនឡាញមួយកន្លែងនៅម្តុំច្រកព្រំដែនព្រែកចាក់ ដើម្បីទៅធ្វើការនៅកន្លែងផ្សេង ពេលជិះរថយន្ត ដល់ចំណុចកើតហេតុខាងលើ បក្ខពួកខ្លួន០២នាក់ទៀត បានវាយមកលើជនជាតិចិនខាងលើ និងបានគំរាមឱ្យជូនខ្លួន និងបក្ខពួកត្រឡប់ទៅប្រទេសខ្លួនវិញ មិនបានវាយដណ្ដើមសោរថយន្តពីជនរងគ្រោះដើម្បីបើកគេចខ្លួននោះទេ៕

អត្ថបទ៖ កណ្តាល

Share.