ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច ផ្អើលប្រជាពលរដ្ឋប្រដេញតាមចាប់ប្រផាប់ចាប់ប្រផីង ជនសង្ស័យភ័យស្លន់ស្លោ ជ្រុលទៅប៉ះម៉ូតូអ្នកដំណើរបណ្តាលឱ្យដួល បោះកាបូបចោល រត់ឡើងជិះម៉ូតូបក្ខពួកគេចខ្លួនបាត់ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវ៩២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KQ-8155 ធ្វើសកម្មភាពឆក់កាបូបកាន់ដៃពីស្ត្រីម្នាក់ នៅតាមផ្លូវ៩២ ខាងលិចក្បែរផ្សារអុីអន២ បានសម្រេចហើយព្យាយាមគេចខ្លួន តាមបណ្តោយផ្លូវ៩២ ពីកើតទៅលិច ផ្អើលបងប្អូនប្រជាពលរដ្ឋដេញតាម រហូតដល់ក្បែរស្តុប កែងផ្លូវហាណូយ ជនសង្ស័យភ័យស្លន់ ជិះគេចជ្រុលទៅប៉ះម៉ូតូអ្នកដំណើរ បណ្តាលឱ្យដួល កាន់តែភ័យ បោះកាបូបចោល ហើយរត់ឡើងជិះម៉ូតូបក្ខពួកគេចខ្លួនបាត់ បន្សល់ទុកតែម៉ូតូ និងកាបូបនៅកន្លែង។

ក្រោយពីជនសង្ស័យរត់គេចខ្លួនបាត់ សល់តែម៉ូតូ និងកាបូបលុយ ត្រូវបានសមត្ថកិច្ចចុះទៅយកម៉ូតូ សម្ភារៈ ទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌនិងបន្តធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យនិងបក្ខពួក ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.