ភ្នំពេញ ៖ នារី២នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តLexus RX330 បើកបរដោយបុរសជនជាតិចិន លឿនជ្រុលទៅបុកពីក្រោយម៉ូតូហុងដាBeat ប៉ើងប្លោងខ្ទាតទៅលើសួនទ្រូងផ្លូវ ដាច់ធ្លាក់កាង រថយន្តព្យាយាមបើករត់គេចរហូតដល់ ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបតាមឃាត់បាន ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅច្រកចូល ណាហ្គាវើល២ ផ្លូវរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្កម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BW-0494 បើកបរដោយបុរសជនជាតិចិន រួមដំណើរជាមួយបុរសជនជាតិចិនម្នាក់ ស្រីម្នាក់ បើកបរល្បឿនលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បុកពីក្រោយម៉ូតូ ហុងដាBeat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JN-4375 ជិះដោយនារី២នាក់ ពីជើងទៅត្បូងស្របទិសគ្នា បណ្តាលឱ្យប៉ើងខ្ទាតទៅលើសួនទ្រូងផ្លូវ រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ រថយន្តដាច់ធ្លាកកាងមុខ ទាំងស្លាកលេខ ហើយព្យាយាមបើករត់គេច ផ្អើលបងប្អូនប្រជាពលរដ្ឋដេញតាម រហូតដល់ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបឃាត់រថយន្ត និងអ្នកបើកបរបាន ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត រីឯរថយន្ត អ្នកបើកបរ និងម៉ូតូត្រូវបានបនរគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.