ភ្នំពេញ ៖ ម៉ូតូហុងដាBeatមួយគ្រឿង ជិះឌុបគ្នាចេញពីសាលាវិលទៅផ្ទះ អ្នកបើកងងុយដេក ងោកមួយភាំងរេចង្កូតឡើងខឿនទៅបុកផ្ទប់បង្គោលភ្លើង បណ្តាលឱ្យរងរបួសធ្ងន់ បែកមុខមាត់ ប្អូនស្រីរងរបួសស្រាល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវ គន្លងខាងជើងស្ពានអាកាសចោមចៅ (ផ្លូវសហព័ន្ធរុស្សុី-ផ្លូវជាតិលេខ៤) ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះរបួសធ្ងន់ ឈ្មោះ ប៊ូ សុវណ្ណារាជភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិស្សិត ចំណែកប្អូនស្រីជីដូនមួយ របួសស្រាល ឈ្មោះ តាំង មួយហ័រ អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមសម្តីនារីរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ គាត់ទាំង២នាក់បងប្អូន ជិះម៉ូតូហុងដាBeat ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1X-6550 ឌុបគ្នាធ្វើដំណើរបំណងឆ្ពោះទៅផ្ទះ ឯស្រុកសំរោងទង ជិះតាមផ្លូវសហព័ន្ធរុស្សុី ពីកើតទៅលិច ដល់ចំណុចកើតហេតុ បងប្រុសជាអ្នកបើកម៉ូតូ ងងុយដេក ងោកមួយភាំងរេចង្កូតឡើងខឿនចិញ្ចើមផ្លូវទៅបុកផ្ទប់បង្គោលភ្លើង បណ្តាលឱ្យរងរបួសធ្ងន់ ម៉ូតូខ្ទេចមួយកំណាត់មុខ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់បងប្អូន ត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូរងខូចខាត ត្រូវបាននារីរងគ្រោះ យកទៅឱ្យជាងជួសជុល ក្បែរកន្លែងកើតហេតុ រួចធ្វើដំណើរតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យជាមួយដែរ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.