ភ្នំពេញ ៖ បុរសម្នាក់មានអារម្មណ៍មិនប្រក្រតី ខូចចិត្ត ព្រោះប្រពន្ធមិនឱ្យជួប បែជាគិតខ្លីប៉ុនប៉ងសម្លាប់ខ្លួន ដោយលោតហក់ចូលរថយន្តកុងតឺន័រ កំពុងបើកបរតាមផ្លូវ តែមិនស្លាប់ បណ្តាលឱ្យរងរបួសបាក់ដៃស្តាំ ដេកស្តូក រថយន្តកុងតឺន័រ គ្រាន់តែឈប់ភ្លាម អ្នកបើកបរចុះរត់គេចបាត់ កាលពីវេលាម៉ោង៩និង៥៥នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅទី៣ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ស៊ុយ អូច ហៅឃីម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកុក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានប្រពន្ធនៅភូមិបត់កណ្តាល ឃុំបឹងបត់កណ្តាល ស្រុកបាកាន ខេត្តពោធិ៍សាត់

តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា ជនរងគ្រោះគេឃើញនៅដេកក្នុងបរិវេណសាលាសង្កាត់ចោមចៅទី៣មួយយប់ទៅហើយ លុះដល់ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ដើរនៅតាមផ្លូវខាងមុខសាលាសង្កាត់ ស្រាប់តែនៅវេលាម៉ោងកើតហេតុ ជនរងគ្រោះដើរឡើងទៅលើទ្រូងផ្លូវ គ្រាន់តែរថយន្តកុងតឺន័ត ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-2856 សណ្តោងរុឺម៉ក កុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 4A-2645 បើកពីកើតទៅលិច មកដល់ជនរងគ្រោះលោតហក់ចូលតែម្តង ត្រូងប៉ះចំកាងចំហៀង បណ្តាលឱ្យរបួសបាក់ដៃដៃស្តាំ ដេកស្តូកស្តឹង អ្នកបើកបរ ចុះរត់គេចខ្លួនបាត់ ។

បើតាមសម្តីជនរងគ្រោះបានឱ្យដឹងថា គាត់មានប្រពន្ធកូនម្នាក់ ហើយប្រពន្ធរបស់គាត់បានចាកចេញពីស្រុកមកធ្វើការងារជាកម្មកររោងចក្រនៅរាជធានីភ្នំពេញ ច្រើនខែមកហើយ ដោយនឹកប្រពន្ធពេក ធ្វើដំណើរពីស្រុកកំណើត ដើរស្វែងរកប្រពន្ធ អស់រយៈពេល៣ថ្ងៃមកហើយ ត្រូវបានប្រពន្ធទូរស័ព្ទ ប្រាប់ ដេញឱ្យវិលទៅស្រុកវិញ ពោលមិនឱ្យជួបមុខ មិនដឹងថាមានបញ្ហាអ្វី បានជាប្តីមករកហើយ បែជាមិនឱ្យជួប ធ្វើឱ្យខូចចិត្ត ម្យ៉ាងគ្មានលុយទៅស្រុកវិញផង អារម្មណ៍វិលវល់ បែកគំនិតប៉ុនប៉ងសម្លាប់ខ្លួន ដោយលោយហក់ចូលរថយន្តកុងតឺន័រ តែមិនស្លាប់ រងរបួសដៃ ។

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តកុងតឺន័រ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.