កណ្ដាល ៖ ស្ត្រីម្នាក់ឈឺពោះគ្រប់ខែ ចូលទៅមណ្ឌលសុខភាពដំណាក់អំពិល ក្រុមគ្រូពេទ្យជួយសម្រាលបានកូនប្រុសម្នាក់ ខណៈដែលក្រុមគ្រូពេទ្យ កំពុងបន្តតាមដានសុខភាព ទាំងម្តាយ និងទារក ភ្លេចខ្លួន ស្ត្រីជាម្តាយរត់គេចខ្លួនបាត់ទាំងដៃជាប់សេរ៉ូម ធ្វើឱ្យក្រុមគ្រូពេទ្យឆោឡោ កាលពីវេលាម៉ោង៧និង៥៥នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងមណ្ឌលសុខភាព ដំណាក់អំពិល ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមក្រុមគ្រូពេទ្យបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ មានស្ត្រីម្នាក់ ឈឺពោះគ្រប់ខែ បានចូលទៅមណ្ឌលសុខភាព ដើម្បីឱ្យក្រុមគ្រូពេទ្យជួយពិនិត្យ សម្រាល ហើយក្រុមគ្រូពេទ្យប្រចាំមណ្ឌលសុខភាព យកចិត្តទឹកដាក់ ទោះជាមិនទាន់ស្គាល់អត្តសញ្ញាព ព្រោះស្ត្រីខាងលើឈឺពោះស្រាលទៅហើយ សំខាន់ស្រាលសិន ហើយបានកូនប្រុសម្នាក់ ទម្ងន់ ៣.៧គីឡូក្រាម បង្កើតតាមទម្រង់ធម្មតា ដោយសុវត្តិភាព ។

ប្រភពបន្តទៀតថា ក្រោយសម្រាលបានទារកហើយ ក្រុមគ្រូពេទ្យនៅបន្តការងារតាមដានសុខភាព ម្តាយ ទារក ជាបន្តទៀត ហើយខណៈដែលក្រុមគ្រូពេទ្យរវល់តែការងារផ្សេងទៀត ស្រាប់តែស្ត្រីជាម្តាយ ទុកកូនចោល ហើយរត់គេចខ្លួនទាំងដៃជាប់សេរ៉ូមទៅបាត់ស្រមោល ធ្វើឱ្យក្រុមគ្រូពេទ្យឆោឡោ បានត្រឹមមើលថែទារកម្នាក់ខាងលើជាបណ្តោះអាសន្ន ហើយធ្វើការអំពាវនាវស្វែងរកអ្នកបីបាច់ទារក ។

តាមការលើកឡើងរបស់ពលរដ្ឋ បានសម្តែងការហួសចិត្ត នូវទឹកចិត្តរបស់ម្តាយ ចិត្តដាច់ម្ល៉េះ ខំពរពោះ៩ខែ១០ថ្ងៃ រហូតដល់សម្រាលបានទារកម្នាក់ហើយ ដោយសុវត្តិភាព បែជាទុកកូនចោល ដាក់បន្ទុកឱ្យក្រុមគ្រូពេទ្យ ដែលខំជួយទៅវិញ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.