ភ្នំពេញ ៖ មនុស្សប្រុសស្រីពីរនាក់បានរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅជួយសង្គ្រោះនៅឯមន្ទីរពេទ្យ ភ្លាមៗខណៈពេលដែលកំពុងតែអង្គុយលក់ដូរនៅក្នុងផ្ទះស្រាប់តែមានបុរសម្នាក់បើករថយន្តចេញពីហ្គារ៉ាសជួសជុលរថយន្តក៏ជ្រុលទៅបុកចូលផ្ទះទាំងគម្រលនិងបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន កាលពីវេលាម៉ោង ៧ និង ១៥ នាទីល្ងាចថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២៤ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់នឹងស្ត្រីម្នាក់ទៀតកំពុងតែអង្គុយលក់ដូរចាប់ហួយនៅក្នុងផ្ទះស្របពេលនោះដែរក៏មានបុរសម្នាក់បានបើករថយន្តម៉ាឡុចស៊ីស470 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2F-6714 ចេញពីហ្គារ៉ាសជួសជុលរថយន្ត នៅទល់មុខនឹងផ្ទះរបស់ជនរងគ្រោះ ទាំងស្ថានភាពស្រវឹងជោគជាំ បើកឆ្លងផ្លូវជាន់ហ្គែជ្រុលបុកចូលក្នុងផ្ទះលក់ចាប់ហ៊ួយបណ្ដាលឲ្យបុរសនិងស្ត្រីដែលអង្គុយលក់ដូ រងរបួសធ្ងន់ស្រាលនិងរងការខូចខាតទ្រព្យសម្បត្តិមួយចំនួន។ ភ្លាមៗនោះដែរពលរដ្ឋជិតខាងក៏បានទាក់ទងទៅសមត្ថកិច្ចប៉ុស្ថិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី ១ ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ពិនិត្យកន្លែងកើតហេតុ រួចប្រគល់ឱ្យជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញវាសវែងនាំយកអ្នកបើកបរនិងរថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ សេង សាវី

Share.