កំពង់ចាម÷ ផ្លូវបេតុងអាមេប្រវែងជាង ១៦០០ម៉ែត្រ ឆ្លងកាត់៤ឃុំ ក្នុងស្រុកកំពង់សៀម ត្រូវបានដាក់ឲ្យដេញថ្លៃនៅសាលាឃុំអំពិល ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាផ្លូវការហើយនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ ។

ក្រោមការត្រួតពិនិត្យរបស់តំណាងរដ្ឋបាលខេត្ត គណៈកម្មការលទ្ធកម្មទាំង៤ឃុំ ក្នុងដំណើរការកិច្ចលទ្ធកម្មនេះ គេពិនិត្យឃើញថា មានក្រុមហ៊ុនចំនួន១៤ បានចូលរួមប្រកួតប្រជែងស្វែងរកភាពស្រពច្បាប់របស់ខ្លួនដើម្បីកសាងផ្លូវនេះ ។

ក្រោយប្រជែង ជាលទ្ធផលមានក្រុមហ៊ុនចំនួន៤ ជាអ្នកទទួលបានសិទ្ធិកសាងផ្លូវនេះ ដោយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ ក្រុមហ៊ុនទាំង៤ នឹងមកបំពេញកាតព្វកិច្ចចុះកិច្ចកុងត្រា ដើម្បីអនុវត្តន៍ការកសាងផ្លូវជូនពលរដ្ឋក្នុងស្រុកនេះ ដែលរង់ចាំអស្រ័យផលជាយូរឆ្នាំមកហើយនោះ ។


  ក្នុងដំណើរការកិច្ចលទ្ធកម្មនេះដែរ មានចំនួន៦ឃុំ តែឃុំចំនួនពីរទៀត គឺឃុំ គៀនជ្រៃ និងឃុំអូរស្វាយ មិនបានចូលរួមប្រកួតប្រជែងទេ ដោយមេឃុំមានជំងឺ ។ ក្នុងនោះគណៈកម្មការលទ្ធកម្មទាំង៤ឃុំ បានទទួលស្គាល់នូវលទ្ធផលក្នុងការប្រកួតប្រជែងនេះ ជាក់ស្តែងក្នុងឃុំមួយៗ មានដាក់សំណើចាប់ពី៣ ឡើងទៅចាត់ទុកថា ស្របច្បាប់ហើយ និងទទួលស្គាល់ជាផ្លូវការ ទោះបីតម្លៃដេញនោះ ត្រូវគ្នា ឬកាប់ចាក់គ្នា មិនជាបញ្ហាអ្វីទេ ។


  គណៈកម្មការបានប្រកាសឲ្យដឹងទៀតថា ផ្លូវប្រវែងខាងលើ  តម្លៃប៉ាន់ស្មានជាង១១៨៨លានរៀល ដេញបានតម្លៃ១១៦៣លានរៀល ។ រួមមាន១.ឃុំអំពិល ផ្លូវប្រវែង៦២២ម៉ែត្រ បានទៅក្រុមហ៊ុនវង្សចាន់រិទ្ធីខនសាក់ ។ ២.ឃុំកោះរការ ផ្លូវប្រវែង ៤១៣ម៉ែត្រ បានទៅក្រុមហ៊ុន សេន កុសែ ។ ៣.ឃុំវិហារធំ ផ្លូវប្រវែង ៥៤១ម៉ែត្រ បានទៅក្រុមហ៊ុន កៅ ប៊ុនណាក់ ។ និងទី៤.ឃុំកោះមិត្ត  ផ្លូវប្រវែង៤០៣ម៉ែត្រ បានទៅក្រុមហ៊ុន ពង្សការវិវត្ត ។


  លោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្តបានថ្លែងថា កិច្ចលទ្ធកម្មមានដំណើរការល្អ ហើយបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់លោកអភិបាលខេត្ត សូមឲ្យក្រុមហ៊ុនទាំង៤ ត្រូវកសាងផ្លូវទៅតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ ផ្លូវត្រូវធានាឲ្យមានគុណភាព ជៀសវាងពេលវាយតម្លៃទទួលផ្លូវ មានភាគីណាមួយជំទាស់ នាំឲ្យមានបញ្ហា ៕


អត្ថបទ÷ អាចារ្យលាក់

Share.