ត្បូងឃ្មុំ៖ កិច្ចលទ្ធកម្មផ្លូវបេតុងអាមេ ១ខ្សែប្រវែង២០០ម៉ែត្រ ស្ថិតក្នុងឃុំបឹងព្រួល ស្រុក/ខេត្តត្បូងឃ្មុំ ដែលជាមូលនិធិអភិវឌ្ឍន៍ ឃុំ សង្កាត់ ត្រូវបានរៀបចំដាក់ឲ្យដេញថ្លៃនាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាឃុំបឹងព្រួល។

ក្រោយការដាក់ឱ្យដេញថ្លៃ គេសង្កេតឃើញទិដ្ឋភាព ទាំងមុនពេលដេញ និងកំពុងដេញ ហាក់មានសភាពរញ៉េរញ៉ៃ ផ្ទុះសម្លេងកងរំពងឡើង ធ្វើឲ្យបាត់សណ្តាប់ធ្នាប់ ច្របូកច្របល់វល់ពេញអគារឃុំតែម្តង។ ព្រឹត្តិការណ៍បែបនេះ វាជាភាពកំសោយរបស់អ្នករៀបចំ ដែលត្រូវបានគេសង្ស័យថា អាចមានការឃុបឃិតត្រូវរ៉ូវគ្នា ដោយរង់ចាំថេរវេលាគ្រប់១០នាទី បិទបញ្ចប់ការដាក់សំណើតែម្តង។

លោក សឺន គិរីវ៉ាន់ឌី នាយកទីចាត់ការ ផែនការវិនិយោគខេត្ត បានថ្លែងថា មានអ្នកទទួលការមកប្រជែងកិច្ចលទ្ធកម្មចំនួន២៩នាក់ ហើយអ្នកមានបំណងចង់បានសិទ្ធិកសាងផ្លូវបេតុង១ខ្សែនេះ មានតែ៤ក្រុមហ៊ុនតែប៉ុណ្ណោះ ហើយផ្លូវនេះបានទៅក្រុមហ៊ុន ថេង រីតា ជាអ្នកសាងសង់ ដែលតម្លៃប៉ាន់ស្មាន ទឹកប្រាក់ជិត១០៨លានរៀល ដេញបានតម្លៃ ១០៥លានរៀល។

លោក ស្រ៊ី ម៉ៅ មេឃុំបឹងព្រួលបានថ្លែងថា ក្រុមហ៊ុន ថេង រីតា គឺជាក្រុមហ៊ុនដែលទទួលបានសិទ្ធិជាផ្លូវការក្នុងការសាងសង់ផ្លូវនេះ ។ ពោលគឺកិច្ចលទ្ធកម្មនេះ មានការប្រកួតប្រជែង ត្រឹមត្រូវ និងយុត្តិធម៌ ។ ខាងរដ្ឋបាល ខាងលទ្ធកម្ម ផ្តល់ឱកាសស្មើៗគ្នា ដល់អ្នកទទួលការដើម្បីចូលរួមនៅក្នុងស ដំណើរការដេញថ្លៃក្រោមលក្ខខណ្ឌត្រឹមត្រូវ និងស្មើភាពគ្នា ។ សង្ឃឹមថា ឃុំទទួលបានផ្លូវបេតុង១ខ្សែថ្មីបន្ថែមទៀត ប្រកបដោយគុណភាពសម្រាប់ពលរដ្ឋអាស្រ័យផលក្នុងពេលឆាប់ៗនេះ ។

បន្ទាប់ពីបានឃើញសកម្មភាពនៃការដេញថ្លៃផ្លូវបេតុងអាមេ ១ខ្សែប្រវែង២០០ម៉ែត្រ ដែល១ម៉ែត្រការ៉េ តម្លៃជាង៣០ដុល្លារ បានធ្វើឱ្យមហាជនមានការព្រួយបារណ៍ខ្លាច ផ្លូវបេតុង១ខ្សែនេះអាចបាត់បង់គុណភាព។ ជាពិសេសមហាជនកំពុងរង់ចាំមើលថាតើខាងបច្ចេកទេស គណៈកម្មការលទ្ធកម្ម និងប្រជាពលរដ្ឋ អាចទទួលយក ឬអត់នូវផ្លូវបេតុង១ខ្សែនេះ៕

អត្ថបទ៖ អាចារ្យលាក់

Share.