បាល់​ទាត់​ពាន​រង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ បាន​រៀប​ចំសន្និសីទ​សារ​ព័ត៌មាន និងចាប់ឆ្នោតបែងចែកពូល រួម​រាល់ ដោយ​មាន​ក្រុមចូលរួមប្រកួតសរុបចំនួន ៦១ក្រុម ក្នុង​នោះ​ក្រុមបុរសមានចំនួន ៤៨ក្រុម ចែកចេញជា ១៦ពូល និងក្រុមនារីមានចំនួន ១៣ក្រុម បែង​ចែកចេញជា ៤ពូល។

ពិធី​ចាប់​ពូល​នេះប្រព្រឹត្តិទៅក្រោម​អធិបតីភាព ឯកឧត្តម ខៀវ ភារិទ្ធ សមាជិកអចិន្រ្តៃយ៍គណ:​កម្មធិការ​កណ្ដាល ស.ស.យ.ក និងជាប្រធានគណៈ​កម្មការប្រតិបត្តិ​តំណាង ឯកឧត្តមអភិ​សន្តិ​បណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក និងជាប្រធានគណកម្មការរៀបចំការ​ប្រកួត បាល់​ទាត់​ពានរង្វាន់ បាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ធ្វើ​ឡើង​នារសៀលថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅ​អគារ The Kampus។

ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈ​កម្មការប្រតិបត្តិ​រៀបចំការ​ប្រកួត បាល់ទាត់ពានរង្វាន់ បាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ បាន​មាន​ប្រសាសន៍ថា៖ Soccer League មិនត្រឹមជាវេទិកាផ្ដល់ឱកាសដល់កីឡាករគ្រប់រូប មក​ពីគ្រប់​ស្ថាប័ន​រដ្ឋ និងឯកជនជុំវិញរាជធានី-ខេត្ត ដើម្បីមាន ឱកាស​បញ្ចេញ​សមត្ថភាព​នៅ​លើទី​លាន​ប្រកប​ដោយ​តម្លា​ភាពនោះទេ ប៉ុន្តែ Soccer League ក៏ជាព្រឹត្តិការណ៍​មួយ​ដែលបាន​ចូល​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជាក្នុងការបំផុសចលនាសាមគ្គីភាព រឹតចំណងមិត្តភាព​របស់​យុវជន​នៅ​ទូទាំង​ប្រទេស ជាពិសេសដើម្បីបង្កើតធនធានមនុស្សក្នុងវិស័យកីឡាបាល់ទាត់នៅ កម្ពុជា ឲ្យកាន់​តែមានភាពរីកចម្រើន និងរឹងមាំ ដើម្បីជាថ្នាលឆ្ពោះទៅកាន់ថ្នាក់ជាតិ និងអន្តរជាតិ ក្រោមពាក្យ ស្លោក​មួយគឺ «ស្មារតីសាមគ្គីភាព» ។

ឯកឧត្តម ខៀវ ភារិទ្ធ ក៏​បាន​លើក​ឡើង​ថា ទន្ទឹម​នឹង​មាន​ការ​កើន​ឡើង​ចំពោះ​ក្រុម​នារី​នៅ​ឆ្នាំនេះ គឺ​ជា​ភាព​ក្លាហាន​មួយរបស់​នារី និងបទពិសោធន៍​ថ្មីក្នុង​ការប្រកួត និង​នៅ​ឆ្នាំក្រោយៗទៀតឯកឧត្តម សង្ឃឹមថានិងនៅ​តែ​មាន​ការ​កើន​ឡើង។ ឯកឧត្តម បន្ថែមថា ពាក់ព័ន្ធទៅ​ហ្នឹង​ការ​រៀប​ចំ​ការប្រកួត​ គឺ​មាន​ភាព​លំបាក់​ដោយ​សារ​មាន​ក្រុម​ចូល​រួម​ច្រើន ការប្រកួត​ក៏​ច្រើន និង​​ត្រូវ​មាន​អាជ្ញាកណ្ដាល​ច្រើន តែទោះ​ជា​យ៉ាង​ណា​ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​ក្រសួងអបរំ និង​សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា បាន​ធ្វើ​អោយ​ការ​រៀប​ចំ​ការ​ប្រកួត​បានប្រព្រឹត្តិទៅ​ដោយ​រលូន។​

ការប្រកួតបាល់ទាត់ Soccer League មានក្រុមចូលរួមប្រកួតសរុបចំនួន ៦១ក្រុម ក្នុងនោះ ក្រុមបុរសមានចំនួន ៤៨ក្រុម និងក្រុមនារីមានចំនួន ១៣ក្រុម ។ ការចែកពូលរបស់ក្រុមនារី គឺត្រូវបានបែងចែកចេញជា ៤ពូល ក្នុងនោះមាន A, B, C, និងD ដែលមានសរុបទាំងអស់ ២៣ប្រកួត ។ ដោយ ពូល A មានចំនួន ៤ក្រុម ខណៈពូល B, C និងD មានចំនួន ៣ក្រុម ។

ចំណែកការចែកពូលរបស់ក្រុមបុរសវិញ ត្រូវបានបែងចែកចេញជា ១៦ពូល មានពីពូល A ដល់ពូល P មានសរុបទាំងអស់ចំនួន ៦៤ ប្រកួត ។ នៅក្នុងពូលនីមួយៗមានការបែងចែកជា ៣ក្រុម ។ ការ​ប្រកួត​ផ្នែកបុរស និងផ្នែកនារីនេះត្រូវបានធ្វើឡើងដំណើរគ្នាចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤​នេះ​តទៅ នៅទីលានវិទ្យាល័យបឹង ត្របែក ទីលាន AUPP វិទ្យាស្ថាន NIPEC (នារី), កីឡ​ដ្ឋាន​ភ្នំពេញ​ក្រោន (RSN) កីឡាដ្ឋាន ISI ដង្កោសែនជ័យ និងពហុកីដ្ឋានជាតិអូឡាំពិក។

សូមរំលឹកថា នៅ​ថ្ងៃកម្មវិធីបើកនៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ​២០២៤ គណៈកម្មការរៀបចំការប្រកួត បាន​ផ្តួចផ្តើម រៀបចំការប្រកួតបាល់ទាត់មិត្ត​ភាព​សប្បុរស​ធម៌រវាងក្រុមបាល់ទាត់ ស.ស.យ.ក អលស្តារ និង​ក្រុមផ្ការីក គ្រប់រដូវ នាយពាក់មី ក្រោមមូលបទ “បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា” ក្នុងគោលបំណងស្វែងរក មូលនិធិជួយដល់កុមារកម្ពុជា តាមរយៈការលក់សំបុត្រចូលរួមទស្សនា ក្នុងនោះ សំបុត្រ១ ទទួល បានអាវយឺតដ៏ស្រស់ស្អាត១ ហើយមានឱកាសឈ្នះរង្វាន់ម៉ូតូ ថែមទៀត។ កម្មវិធីបើកធ្វើ​ឡើង​នៅ​ថ្ងៃទី០៩ មិថុនា ២០២៤ ចាប់ពី ១៧:០០នាទី តទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

មកទល់ពេលនេះ “ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌” បានទទួលការចូលរួមឧបត្ថម្ភថវិកា ចំនួន ៨៥,០០០$ (ប្រាំបីម៉ឺនប្រាំពាន់ដុល្លារសហរដ្ឋអាមេរិច) ដើម្បីជួយដល់កុមារកម្ពុជា រួមមាន៖ អ្នកឧកញ៉ា លាង ម៉េង ចំនួន ៥០,០០០$ ឧកញ៉ា សុខ ហុង ចំនួន ១០,០០០$ ឯកឧត្តម ប៉ោ វណ្ណាត ចំនួន ១០,០០០$ ឯកឧត្តម សុខ វាសនា ចំនួន ១០,០០០$ និងឧកញ៉ា សម្បត្តិ រតនៈ ចំនួន ៥,០០០$ ។

ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ត្រូវបានរៀបចំឡើងចំនួន ០៦លើក រួចមកហើយ គិតចាប់ពីឆ្នាំ២០១២ មកម្លេះ ដែលឆ្នាំ២០២៤នេះ គឺជាលើកទី៧ហើយ ក្នុងនោះរួមមាន៖

ឆ្នាំ២០១២ ទទួលបាន ៣២ក្រុម
ឆ្នាំ២០១៣ ទទួលបាន ៤០ក្រុម
ឆ្នាំ២០១៤ ទទួលបាន ៣២ក្រុម
ឆ្នាំ២០១៥ ទទួលបាន ៤៩ក្រុម
ឆ្នាំ២០១៦ ទទួលបាន ៦០ក្រុម
ឆ្នាំ ២០១៩ ទទួលបាន ៦០ក្រុម
ឆ្នាំ២០២៣ ទទួលបាន ៧៤ក្រុម (ស្រី ១០ក្រុម)
ឆ្នាំ ២០២៤ ទទួលបាន ៦១ក្រុម (ស្រី ១៣ក្រុម)

ការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៧ ឆ្នាំ២០២៤ ទទួលបានដៃគូឧបត្ថម្ភ គាំទ្រធំចំនួន ០៣ គឺក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រុមហ៊ុន អេច អេស ស៊ី ត្រេឌីង ក្រុមហ៊ុន Kompong Dewa Resort និងសហការគាំទ្រដោយ ក្រុមហ៊ុន HUAWEI Technologies ក្រុមហ៊ុន Camfield និង ក្រុមហ៊ុន ដៃ ឯក ហ៊ឹមផត អិចផត ឯ.ក៕

Share.