ត្បូងឃ្មុំ៖ ផ្ទុះព័ត៌មានតាមហ្វេសបុក ករណីក្មេងស្រី២នាក់បងប្អូន អះអាងថា អាជ្ញាធរភូមិ ឃុំ និង ម្តាយមីង សាច់ឈាមខាងឪពុក យកទ្រព្យសម្បត្តិចែកគ្នា ដោយគ្មានទុកឲ្យកូនៗ សោះ តើកូនៗ បានអ្វីជាទីពឹង ។ ហេតុការណ៍នេះ កើតឡើង នៅភូមិព្រះធាតុកណ្តាល ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ 

កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះ មានការឡាយតាមបណ្តាញសង្គមហ្វេសបុក ដោយកូនស្រី សព ឈ្មោះ ឃីម ប៊ុនធឿន ដែលបានស្លាប់តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ម្លេះ ចំណុច ភូមិ ឃុំ ខាងលើ អះអាងថា អាជ្ញាធរភូមិ ឃុំ ឃុបឃិត ជាមួយម្តាយមីង និងបងប្អូនខាងឪពុក ដណ្តើមគ្នាយកទ្រព្យសម្បត្តិទាំងអស់ ធ្វើឲ្យកូនៗ បាត់សិទ្ធិជាទាយាទក្នុងការទទួលអំណោយ និងកេរ្តិ៍មរតក តើឲ្យកូនៗ រស់ដោយរបៀបណា ។  ទាក់ទិននឹងរឿងដែរ លោក ឃីម ស៊្រា ត្រូវជាប្អូនសាកសព បានបញ្ជាក់ថា បងប្រុសរបស់ខ្លួនបានលែងលះគ្នា តាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ម្លេះ ហើយក៏បានធ្វើការបែងចែកទ្រព្យសម្បត្តិរួចរាល់អស់ហើយ មានទាំងអាជ្ញាធរចូលរួមដឹងឮ ព្រមទាំងមានការទទួលស្គាល់គ្រប់ភាគី ។

 

លុះបងប្រុសធ្លាក់ខ្លួនឈឺ គ្រួសារខាងប្រពន្ធ និងកូនៗទាំងអស់ មិនអើពើមើល ថែទាំ និងព្យាបាលជំងឺនោះទេ ទុករហូតដល់គាត់ស្លាប់ ទើបឆោឡោ ប្រទាញប្រទង់ដណ្តើមសពយកទៅធ្វើបុណ្យទៅវិញ ។ ក្នុងអន្តរកាលដ៏លំបាក ការមើលថែ មានតែម្តាយមីង បងប្អូនបង្កើត ជាក់ស្តែងបែបនេះទើបបងប្រុសសម្រេចប្រគល់ផលលាភទាំងនោះឲ្យទៅប្អូនស្រីពៅបង្កើត ព្រោះជាអ្នកមើលថែជំងឺគាត់រហូតដល់ស្លាប់ ។ 

តាមសម្តី ប្អូនប្រុសសាកសពបានបញ្ជាក់ទៀតថា ពេលលែងលះ កូន ចំនួន៦នាក់ ស្រី៣នាក់ បានរស់នៅខាងម្តាយទាំងអស់ ហើយទ្រព្យសម្បត្តិបានចែកទៅខាងប្រពន្ធ៩០ភាគរយហើយ ។ 

លោក ទ្រី ពៅ ជាមេឃុំព្រះធាតុ ក៏បានបញ្ជាក់ដែរថា ការឡាយពីក្មួយស្រីតាមហ្វេសបុកជារឿងមិនពិតទេ រឿងនេះខាងឃុំបានសម្របសម្រួលហើយ តែមិនត្រូវគ្នាទេ ទើបឃុំបញ្ជូនទៅស្រុកដោះស្រាយបន្ត តែលទ្ធផលមិនដឹងយ៉ាងណាទេ ព្រោះផុតដៃឃុំហើយ ។ ម្យ៉ាងទៀតនៅពេលឪពុកឈឺ កូនៗ ទាំងនោះមិនព្រមជួយមើលថែទាំជំងឺឪពុកសោះ ដល់ស្លាប់មកដណ្តើមសាកសពយកទៅធ្វើបុណ្យទៅវិញ តែប្អូនប្រុសជាអ្នកថែ មិនព្រមប្រគល់សពបងប្រុសឲ្យកូនៗ ទាំងនោះទេ គាត់ឯនេះក៏ធ្វើបុណ្យដែរ ពិសេសទៀត បងប្រុសបានស្លាប់នៅលើដៃគាត់ ដូច្នេះ នាទីចុងក្រោយគាត់ត្រូវតែបំពេញទៅតាមលក្ខណៈប្រពៃណី។

ករណីនេះ មានសភាពបែបនឹង ទើបលិចការឡាយតាមបណ្តាញសង្គមធ្វើឲ្យមានការភាន់ច្រឡំ យើងស្តាប់ទាំងសងខាងទើបត្រឹមត្រូវ ៕

អត្ថបទ៖ អាចារ្យលាក់

Share.