ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៤នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះបុកជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត កំពុងជិះឌុបគ្នា៣នាក់ម្តាយកូនស្រី ឆ្លងផ្លូវ ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ កែងផ្លូវបេតុងវត្តគោកខ្សាច់ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1S-4589 ជិះដោយជនរងគ្រោះឈ្មោះ ញ៉ក សក្តិ ភេទប្រុស អាយុ២៦ឆ្នាំ ភូមិជ្រួលធំ ឃុំរ័ក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសដៃ ។ ចំណែកភាគីខាងម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-5053 ជិះដោយស្ត្រីម្នាក់ ឌុបកូនស្រី២នាក់ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងបុរសរងគ្រោះ ជិះតាមផ្លូវ៦០ម៉ែត្រ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ជ្រុលបុកជាមួយភាគីខាងស្រ្តី៣នាក់ម្តាយកូន ជិះតាមផ្លូវបេតុងវត្តគោកខ្សាច់ ពីលិចទៅកើត កំពុងឆ្លងផ្លូវកាត់ផ្លូវ៦០ម៉ែត្រ បណ្តាលឱ្យរងរបួសទាំង៤នាក់ ម៉ូតូបាក់កង់មុខដូចគ្នា ។

ក្រោយកើតហេតុ ជនរងគ្រោះ៣នាក់ម្តាយកូន នាំគ្នាទៅពេទ្យក្នុងភូមិបាត់ ចំណែកជនរងគ្រោះម្នាក់ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយជូតលាងរបួស រីឯម៉ូតូទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.