ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ បាក់ភ្លៅសងខាង និងម្នាក់ទៀតបែកមុខ បន្ទាប់ពីជិះម៉ូតូឌុបគ្នាចេញពីសាលា ល្បឿនលឿនគេចពីរថយន្តមួយគ្រឿងបើកឆ្លងផ្លូវ ក៏ជ្រុលទៅបុកពីមុខជាមួយរថយន្តLexus RX300 កំពុងបើកច្រាសទិសគ្នា កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវតាកន ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ហូល គឹមហាប់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់ បាក់ភ្លៅសងខាង ជាអ្នកបើកម៉ូតូ ។ ទី២ ឈ្មោះ ផល ណារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិស្នោលិច សង្កាត់ស្នោ ខណ្ឌកំបូល របួសបែកមុខ និងដៃ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះ ទាំង២នាក់ជិះម៉ូតូ ហុងដាClick ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IK-5829 តាមបណ្តោយផ្លូវតាកន ពីលិចទៅកើត ដល់ចំណុចកើតហេតុ គេចពីរថយន្តសាំយ៉ុងមួយគ្រឿង កំពុងបើកពីកើតទៅលិច បត់ឆ្វេងឆ្លងផ្លូវ ក៏ជ្រុលទៅបុកពីមុខរថយន្ត Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5164 កំពុងបើកនៅគន្លងផ្លូវម្ខាងទៀតពីកើតទៅលិច បណ្តាលឱ្យអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ បាក់ភ្លៅសងខាង អ្នករួមដំណើរហោះប្លោងទៅបុកកញ្ចក់រថយន្ត រងរបួសបែកមុខ ម៉ូតូបាក់តួរជាពីរកំណាត់ខ្ទេច ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ និងរថយន្ត រួមទាំងអ្នកបើកបរ សមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.