ភ្នំពេញ ៖ ម៉ូតូឃ្លីកមួយគ្រឿងជិះដោយយុវជនសិស្សសាលា២នាក់ លឿនជ្រុលទៅបុកពីក្រោយម៉ូតូកង់បី កំពុងបើកស្របទិសគ្នា បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ កាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវចោមចៅ ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុគេឃើញយុវជនសិស្សសាលា២នាក់ ជិះម៉ូតូឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CA-9715 ធ្វើដំណើរល្បឿនលឿន តាមបណ្តោយផ្លូវចោមចៅ ពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយម៉ូតូកង់បី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GV-0626 កំពុងបើកស្របទិសគ្នា បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ត្រូវបានម៉ូតូកង់បីរបស់គ្លីនិកឯកជនដឹកយកទៅ ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.