ភ្នំពេញ ៖ កំណាត់ផ្លូវម៉ៅសេទុង ក្នុងភូមិសាស្ត្រខណ្ឌចំការមន បន្ទាប់ពីមានបងប្អូនអ្នកលក់ដូរ យកចិញ្ចើមផ្លូវ ធ្វើជាទីតាំងលក់ដូរ សំចតរថយន្ត បង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ កកស្ទះចរាចរណ៍ ទើបនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលខណ្ឌចំការមន រួមជាមួយកម្លាំងអធិការដ្ឋាន សង្កាត់ ចុះរៀបចំសណ្តាប់ធ្នាប់ ចាប់ពីស្តុបចំការមន រហូតដល់មុខស្ថានទូតចិន អប់រំ ណែនាំដល់បងប្អូនអ្នកលក់ដូរ ជៀសវាងរំលោភចំណីផ្លូវ។

តាមអាជ្ញាធរបានឱ្យដឹងថា បងប្អូនអ្នកប្រកបរបរលក់ដូរមួយចំនួនឆ្លៀតយកចំណីផ្លូវ ឈប់ចត លក់ដូរ សំចតយានជំនិះ រថយន្ត ម៉ូតូ មកលើចំណីផ្លូវសាធារណៈ ដែលបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់ដងផ្លូវ ធ្វើឱ្យកកស្ទះចរាចរណ៍ដល់អ្នកដំណើរ ។

ដើម្បីសម្រួល និងសោភ័ណ្ឌភាពឌងផ្លូវ អាជ្ញាធរខណ្ឌ កម្លាំងសមត្ថកិច្ច សង្កាត់ សហការចុះរៀបចំសណ្តាប់ធ្នាប់ឡើងវិញ ជៀសវាងបងប្អូនមួយចំនួនរំលោភយកចំណីផ្លូវ ឈប់ ចត ធ្វើជាកន្លែងលក់ដូរ និងធ្វើការអប់រំណែនាំដល់ បងប្អូន ដាក់តាំង របស់របរ លក់ឱ្យមានរបៀបរៀបរយល្អ ទៅតាមរដ្ឋបាលខណ្ឌបានកំណត់ ៕

អត្ថបទ៖តាតុងសែនជ័យ

