ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ សន្លប់ឈឹងនៅកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកូរ៉េដឹកពងទា បើកវ៉ាជែងជ្រុលទៅបុកម៉ូតូហុងដាឌ្រីមកំពុងជិះច្រាសទិសគ្នា កាលពីវេលាម៉ោង២និង៥៥នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចំណុចផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ភេទប្រុស មានវ័យជាង៣០ឆ្នាំ ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ សន្លប់ឈឹង ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1KC- 6204 ជាមធ្យោបាយ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុមានរថយម្តកូរ៉េ ដឹកពងទាមួយគ្រឿង បើកពីលិចទៅកើត ល្បឿនលឿន ខណៈដែលមេឃកំពុងភ្លៀងរលឹម លុះដល់ចំណុចកើតហេតុវ៉ាជែងរថយន្តខាងមុខ ស្រាប់តែជ្រុលទៅបុកម៉ូតូជនរងគ្រោះកំពុងជិះពីកើតទៅលិច បណ្តាលឱ្យដួលរងរបួសធ្ងន់ធ្ងរ ហើយរថយន្តបង្កបន្ថែមល្បឿនបើករត់គេចទៅបាត់ស្រមោល ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ចោមចៅទី៣ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.