សៀមរាប ៖ បុរសម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បើកបរល្បឿនលឿនវ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុករថយន្តកូរ៉េ ដឹកពងទា កំពុងបើកច្រាសទិសគ្នានៅគន្លងផ្លូវម្ខាងទៀត ស្របពេលនោះ ក៏មានម៉ូតូហុងដាឌ្រីម ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកជាប់ពីមុខរថយន្តដឹកអ្នកដំណើរបន្តទៀត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៦ ចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ជនរងគ្រោះបានស្លាប់ ឈ្មោះ ធី សាង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិជាចធំ ឃុំចុងជាច ស្រុកតំបែរ  ខេត្តត្បូងឃ្មុំ ជាអ្នកបើកបររថយន្តដឹកពងទា រួមដំណើរជាមួយឈ្មោះ ចាប សំប៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិគោកថ្មី ឃុំដូនកែវ ស្រុកពួម ខេត្តសៀមរាប រងរបួស ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-8143 បើកពីលិចទៅកើត
(សៀមរាប-ភ្នំពេញ) ល្បឿនលឿន លុះដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលបុកពីមុខរថយន្តកូរ៉េ ដឹកពងទា ម៉ាកKIA ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-5980 កំពុងបើកពីកើតទៅលិច ច្រាសទិសគ្នា បណ្តាលឱ្យរថយន្តដឹកពងទា ស្លាប់អ្នកបើកបរ រថយន្តខ្ទេចទាំងស្រុង រីឯរថយន្តដឹកអ្នកដំណើរ មិនទាន់អស់ល្បឿន បោលទៅមុខ ជិត១០០ម៉ែត្រ ទើបឈប់ស្ងៀម ខ្ទេចមុខ បែកកង់ ស្របពេលនោះ ស្រាប់តែមានម៉ូតូហុងដាឌ្រីម មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1J-6143 ជិះដោយឈ្មោះ គ្រីង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកលឿនពីកើតទៅលិចហ្វ្រាំងមិនទាន់ ជ្រុលទៅបុកជាប់ពីមុខរថយន្តដឹកអ្នកដំណើរបន្តទៀត បណ្តាលឱ្យបោកផ្ទប់ រងរបួសធ្ងន់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតភ្លើងភ្លាមៗ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន នគរបាលជំនាញ ចុះទៅអន្តរាគមន៍ បញ្ជូនអ្នករងរបួស២នាក់ទៅមន្ទីរពេទ្យ និងប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត២គ្រឿង ម៉ូតូមួយគ្រឿង ត្រូវបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.