ពោធិ៍សាត់៖ ក្មេងប្រុសម្នាក់បានស្លាប់នៅពេលបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបានត្រឹមពាក់កណ្ដាលផ្លូវចំណែកមនុស្ស3នាក់ទៀតត្រូវរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងរវាងរថយន្តម៉ាកស៊ីណា ពណ៏ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2AU.3323បើកលឿនទៅបុកគោយន្តកន្ត្រៃឆ្លងផ្លូវគ្មានការប្រុងប្រយ័ត្ន។

ករណីនេះកើតឡើងកាលពីថ្ងៃទី 9 ខែមិថុនាឆ្នាំ 2024 វេលាម៉ោង 4:00 និង 45 នាទីទាបភ្លឺនៅលើផ្លូវជាតិលេខ 5 ចន្លោះគីឡូម៉ែត្រលេខ 157 និង 158 ស្ថិតក្នុងភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសរងគ្រោះស្លាប់ ឈ្មោះជា ចន្ធី អាយុ 5 ឆ្នាំ ត្រូវជាចៅរបស់ជនរងគ្រោះឈ្មោះ ទីញឿន ភេទប្រុសអាយុ 59 ឆ្នាំ និងឈ្មោះ ប៉ក់ញ៉ន ភេទស្រីអាយុ 57 ឆ្នាំ ទាំងពីរនាក់ប្ដីប្រពន្ធនេះទទួលរងរបួសធ្ងន់ និងក្មេងប្រុសម្នាក់ទៀតឈ្មោះសីធារ៉ា អាយុ 12 ឆ្នាំ រងរបួសស្រាល ។ ជនរងគ្រោះទាំង4នាក់ខាងលើ ជាភាគីខាងគោយន្តកន្ត្រៃ រស់នៅក្នុងភូមិ ថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។


សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា នៅមុនពេលកើតហេតុ គឺរថយន្តស៊ីណា បើកបរក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្របពេលគោយន្តកន្ត្រៃបើកឆ្លងផ្លូវពីជើងទៅត្បូង ក៏បុកចំពាក់កណ្ដាលរឺម៉កពេញទំហឹង ដាច់ចេញពីក្បាលម៉ាស៊ីន ខ្ទាតជនរងគ្រោះរងរបួសដេករណូករណែលនៅលើផ្លូវ ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសលក្មេងប្រុសម្នាក់បានស្លាប់ត្រឹមពាក់កណ្ដាលផ្លូវតែម្ដង។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ក្រោយពីកើតហេតុភ្លាមៗ។ ចំពោះរថយន្តនិងគោយន្តកន្ត្រៃសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ពោធិ៍សាត់

Share.