កណ្តាល ៖ រថយន្តPriusមួយគ្រឿង បើកបរដោយស្ត្រីម្នាក់ បត់ឆ្វេងឆ្លងផ្លូវជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉ក បណ្តាលឱ្យក្រឡាប់ផ្ងារជើងឡើងលើ រងរបួសម្នាក់ដំណំ កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ភូមិខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ភាគីខាងម៉ូតូសណ្តោងរុឺម៉កមាន ឈ្មោះ លី សុខជា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ ដូនស្វា ឃុំដូនស្វា ស្រុកពួក ខេត្តសៀមរាប រងរបួសជើងនិងក ដំណំ ។ ចំណែកភាគីខាងរថយន្ត Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-4802 បើកបរដោយឈ្មោះ រុន ចន្ទូ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉ក ដែលបើកពីត្បូងទៅជើង បណ្តាលឱ្យក្រឡាប់ផ្ងារជើង រងខូចខាតទាំងរុឺម៉ក ទាំងរថយន្ត ។ ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ វាស់វែងយករថយន្តនិងរុឺម៉កទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានស្រុក រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.