ភ្នំពេញ៖ រថយន្តកាមរីហើមមួយគ្រឿង បើកបរដោយបុរសម្នាក់ ប្រើប្រាស់ជាតិស្រវឹងជោគពេញខ្លួន លើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ជ្រុលទៅបុកយុវជនម្នាក់កំពុងដើរឆ្លងផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ៥០ម៉ែត្រ ចំណុចភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សុខ តុលា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកហាង ស្នាក់នៅកន្លែងកើតហេតុ រងរបួសធ្ងន់ ។ ចំណែកភាគីខាងរថយន្ត ម៉ាកកាមរីហើម ឆ្នាំ៩៣ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2F-8297 បើកបរដោយឈ្មោះ សឿន ពេជ្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនលាយបេតុង មានទីលំនៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះដើរឆ្លងផ្លូវពីកើតទៅលិច ស្រាប់តែរថយន្តបង្ក បើកពីត្បូងទៅជើងលើផ្លូវបញ្ច្រាស មកបុកបណ្តាលឱ្យរងរបួសធ្ងន់ ។

ភ្លាមៗត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកអ្នកបើកបររថយន្ត ក្នុងសភាពស្រវឹង សមត្ថកិច្ចឃាត់ធ្វើតេស្ត រកឃើញជាតិអាល់កុល០,៦៧ រួចប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ យករថយន្តនិងអ្នកបើកបរ ទៅសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.