ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ដាច់រយះបំពង់ក បាក់ជើងស្តាំខ្ទេច បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីមបោះពួយល្បឿនលឿនជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េ កំពុងឈប់ភ្លើងស្តុប កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅផ្លូវជាតិលេខ៣ ចំណុចស្តុបវត្តស្លែង ក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ ម៉ុន កាណាន់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិធ្លកយោល ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1U-2979 ជាមធ្យោបាយ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4229 បើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ឈប់ភ្លើងស្តុបក្រហម ស្រាប់តែជនរងគ្រោះ ជិះម៉ូតូហុងដាឌ្រីម បោះពួយល្បឿនលឿន ពីជើងទៅត្បូង បោលបុកពីក្រោយរថយន្តទាំងកំរោល ប្លោងម៉ូតូទៅមុខជាង១០ម៉ែត្រ រងរបួសធ្ងន់ធ្ងរ ដាច់រយះបំពង់ក បាក់ជើងស្តាំខ្ទេច ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រចាំគោលដៅ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្ត អ្នកបើកបរ ម៉ូតូ ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ចែងវាស់វែងយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.