គម្រោង​កសាង​ពុទ្ធប្បដិមា​កម្ពស់ ១០៨ ម៉ែត្រ នៅ​លើ​កំពូល​ភ្នំ​បូកគោ គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០២៤ សម្រេច​បាន​ជាង​៣០​ភាគរយ​ហើយ​។ គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​កសាង​ប្រមាណ​ជាង ៣០ លាន​ដុល្លារ​។

ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​សុខា របស់​លោក​អ្នក​ឧកញ៉ា សុខ គង់ ចំណាយ​ប្រាក់​រាប់​សិប​លាន​ដុល្លារ​កសាង​សំណង់​មហិមា​នេះ​ឡើង​?

នៅ​ក្នុង​ជំនួប​រវាង​លោក​អ្នក​ឧកញ៉ា សុខ គង់ និង​អ្នក​សារព័ត៌មាន នា​សណ្ឋាគារ​ឡឺបូកគោផាលេស (Le Bokor Palace) កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២៤ លោក​បាន​ឆ្លើយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា ការ​កសាង​បដិមា​ព្រះ​ពុទ្ធ​កម្ពស់​ជាង ១០០ ម៉ែត្រ​នេះ គឺ​ធ្វើ​ឡើង​ឲ្យ​ស្រប​ទៅ​តាម​សក្ដានុពល​ទេសចរណ៍​លើ​កំពូល​ភ្នំ​បូកគោ ត្បិត​តំបន់​នេះ មិន​គ្រាន់​តែ​ជា​បណ្ដុំ​ទី​តាំង​ទេសចរណ៍​ធម្មជាតិ ផ្សារភ្ជាប់​នឹង​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​ទេ ទេសចរណ៍​សាសនា​ក៏​ជា​គោលដៅ​ដ៏​សំខាន់​ផង​ដែរ​។ ជា​រៀងរាល់​ឆ្នាំ​មាន​ទេសចរ​ទៅ​កម្សាន្ត​នៅ​លើ​ភ្នំ​បូកគោ​រាប់​លាន​នាក់ ក្នុង​នោះ​ស្ទើរ​តែ​ពាក់​កណ្ដាល​មាន​គោលដៅ​មក​បន់ស្រន់​សុំ​សេចក្ដី​សុខ​ចម្រើន និង​ផ្សង​បំណង​ប្រាថ្នា​របស់​ខ្លួន​។ ជាមួយ​គ្នា​នេះ​អ្នក​ទេសចរ​ដែល​មិន​មាន​គោលដៅ​ខាង​ជំនឿ​សាសនា ក៏​តែង​ធ្វើ​ការ​បន់ស្រន់​ដូច​គ្នា​។

គម្រោង​ព្រះ​ពុទ្ធប្បដិមា​ដ៏​ខ្ពស់​មួយ​នេះ ស្ថិត​នៅ​ក្នុង​តំបន់​តូច​មួយ​ហៅ​ថា​វាលស្រែ ៥០០ ចំណុច​ប្រសព្វ​រវាង​ផ្លូវ​ទៅ​សណ្ឋាគារ​ឋាន​សួគ៌​សុខា និង​គម្រោង​ផ្លូវ​ថ្មី​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​៤ ហើយ​នៅ​ជុំវិញ​នោះ​មាន​ទីតាំង​ជំនឿ​ស័ក្ដិសិទ្ធិ​មួយ​គេ​ហៅ​ថា ល្អាង​ទឹកអម្រឹត និង​កន្លែង​ធ្វើ​សមាធិ​។ និយាយ​ជា​រួម នៅ​លើ​ភ្នំ​បូកគោ មាន​ទី​តាំង​សក្ការបូជា ដែល​មនុស្ស​ម្នា​ជា​ច្រើន​មាន​ជំនឿ​ថា​សក្ដិសិទ្ធិ​រាប់​សិប​កន្លែង ចាប់​តាំង​តែ​ពី​ផ្លូវ​ឡើង រហូត​ដល់​កំពូល​ភ្នំ​។

សូម​រំឭក​ថា កាល​ពី​ឆ្នាំ២០១០ បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​នៅ​លើ​កំពូល​ភ្នំ​បូកគោ ក្រុមហ៊ុន​សុខា បាន​កសាង​បដិមា​ស្រដៀង​គ្នា​នឹង​រូប​ព្រះពុទ្ធ​នេះ​ដែរ គឺ​បដិមា ដូន​ម៉ៅ (យាយ​ម៉ៅ) ដែល​មាន​កម្ពស់​២៩​ម៉ែត្រ​។ ហើយ​ទី​នោះ​ក៏​ក្លាយ​ទៅ​ជា​ទី​សក្ការៈ​ធំ​ជាង​គេ ដែល​មនុស្ស​ម្នា​ទៅ​កម្សាន្ត​លើ​ភ្នំ​បូកគោ​តែង​ចូល​ទៅ​គោរព​បូជា​។

តំបន់​ភ្នំ​បូក​គោ​ត្រូវ​បាន​រាជរដ្ឋាភិបាល​បង្កើត​ទៅ​ជា​ក្រុង​បូក​គោ​តាម​រយៈ​អនុក្រឹត្យ​លេខ ៣៨ អ​ន​ក្រ. បក ចុះ​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ ២០២១ ហើយ​ក្រុង​នេះ​ឋិត​ក្រោម​រដ្ឋបាល​ខេត្ត​កំពត​។ តំបន់​ភ្នំ​បូកគោ​ត្រូវ​បាន​អ្នក​ជំនាញ​កំណត់​ពី​សក្ដានុពល​ធំៗ​ចំនួន​៤ រួមមាន ទី១ ជា​តំបន់​ប្រវត្តិសាស្ត្រ ដែល​ធ្លាប់​បាន​អភិវឌ្ឍ​តាំង​ពី​ជាង ១០០​ឆ្នាំ​មុន បើ​និយាយ​ឲ្យ​លម្អិត​គឺ ថ្ងៃ​ទី ១៣ ខែ​មេសា ឆ្នាំ ១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ។ ទី២ ជា​តំបន់​សុខាភិបាល​ធម្មជាតិ បាន​ន័យ​ថា អាកាសធាតុ បរិស្ថាន ធម្មជាតិ ជា​ឱសថ​ព្យាបាល​ជំងឺ​បាន​រាប់​សិប​មុខ ហើយ​ក៏​ជា​ឱសថ​ព្យាបាល​សភាព​ផ្លូវ​ចិត្ត​ផង​ដែរ​។ ទី៣ បណ្ដាញ​គមនាគមន៍​ខ្វាត់ខ្វែង​ទាំង ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក ដែល​អាច​ដឹក​នាំ​ទេសចរ​មក​ដល់​តំបន់​ភ្នំ​បូកគោ​នេះ​បាន​។ បើ​ទោះ​បី​ជា​បច្ចុប្បន្ន មាន​ផ្លូវ​តែ​មួយ​ខ្សែ​ដែល​អាច​ឲ្យ​ទេសចរ​មក​ដល់​លើ​កំពូល​ភ្នំ​បាន ប៉ុន្តែ​គម្រោង​ផ្លូវ​ថ្មី​កំពុង​ស្ថាបនា ដោយ​ត​ភ្ជាប់​ផ្លូវ​ចាស់​លើ​កំពូល​ភ្នំ ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​៤ មួយ​ខ្សែ​ទៀត​មាន​ប្រវែង ៦១ គីឡូម៉ែត្រ​។ ទី៤ កំពូល​ភ្នំ​បូកគោ គឺ​ជា​បណ្ដុំ​ទីតាំង​ទេសចរណ៍​បែប​ជំនឿ សាសនា ដ៏​មាន​ប្រជាប្រិយ មិន​ត្រឹមតែ​ប្រជាជន​ក្នុង​ស្រុក​ទេ ទី​នេះ​ក៏​ទាក់ទាញ​ទេសចរ​ពី​ក្រៅ​ប្រទេស​ផង​ដែរ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.