អ្នករត់ម៉ូតូឌុបម្នាក់ ធាក់បញ្ឆេះម៉ូតូ ស្រាប់តែឆាបសាំងឆេះអស់ម៉ូតូមួយគ្រឿង

សៀមរាប ៖ បុរសម្នាក់ជាអ្នកប្រកបរបរ រត់ម៉ូតូកង់បី ចេញរត់មួយថ្ងៃមិនបានលុយ ជួបតែរឿងអាក្រក់ បើកបុកប៉ះគេ២លើក ចុងក្រោយម៉ូតូរលត់ម៉ាសុីន លុះព្យាយាមធាក់បញ្ឆេះ បែជាឆាបសាំងឆេះខ្ទេចម៉ូតូមួយគ្រឿង បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅក្បែរមន្ទីរពេទ្យគន្ធបុប្ផា លើផ្លូវព្រះសីហនុ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពបានឱ្យដឹងថា បុរសខាងលើ មកពីខេត្តក្រចេះ ស្នាក់អាស្រ័យនិងប្រកបរបររត់ម៉ូតូរុឺម៉ក នៅក្រុងសៀមរាប ហើយនៅក្នុងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ចាត់ទុកជាថ្ងៃស៊យរបស់គាត់ ចេញរត់កង់បីមិនសល់លុយ ជួបតែរឿងអាស្រូវ បើកម៉ូតូជ្រុលបុកប៉ះគេចំនួន២លើកហើយ លុះដល់ព្រលប់ថ្ងៃដដែលជួបរឿងមួួយទៀត បន្ទាប់ពីម៉ូតូខូច រលត់ម៉ាសុីន អូសបណ្តើរតាមផ្លូវព្រះសីហនុ ពីជើងទៅត្បូង ដល់ចំណុចខាងលើ ព្យាយាមធាក់បញ្ឆេះ បែជាឆាបសាំង បង្កឱ្យភ្លើងឆេះសន្ធោឡើង ផ្អើលឆោឡោ ដោះផ្តាច់រុឺម៉កចេញ ម៉ូតូហុងដាឌ្រីមភ្លើងឆេអខ្ទេច។

បន្ទាប់ពីមានហេតុការណ៍ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងចេញទៅអន្តរាគមន៍ពន្លត់ភ្លើងភ្លាមៗ ជៀសវាងឆេះរាល ម្ចាស់បានត្រឹមអូសកន្ទុយរុឺម៉កវិលទៅផ្ទះជួល៕

អត្ថបទ៖ តាតុងសែនជ័យ