កីឡាករកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ដណ្ដើមបាន​មេដាយប្រាក់ចំនួន ២គ្រឿង ពីការ​ប្រកួត​ជើង​ឯក​អាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ ២០២៤ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជា​មានិ​តឡាវ។

នៅ​ថ្ងៃប្រកួត​បើកឆាក កីឡាករ ឆឹង ណូរ៉ា បានដណ្តើមមេដាយប្រាក់ចំនួនមួយគ្រឿងជូនជាតិ ប្រកួតវិញ្ញាសា Men’s Athletic Physique up to 160cm ខណ: ប្រុសសង្ហា ស្រ៊ិន រាជ្យ បាន​ឈ្នះ​មេដាយ​ប្រាក់ ១គ្រឿងទៀតប្រកួតវិញ្ញាសា Men’s Sports Physique over 175 cm។

កីឡាករ ឆឹង ណូរ៉ា ធ្លាប់ចូលរួមការប្រកួតកម្រិត អាស៊ីអាគ្នេយ៍ ទទួលបានមេដាយប្រាក់ចំនួន២ដង និង​ការ​ប្រកួតកម្រិតអាស៊ី ទទួលបានមេដាយមាស ១គ្រឿង។ ដោយឡែក​សម្រាប់​កីឡាករ ស្រ៊ិន រាជ្យ កន្លង​ទៅ​ក៏​ធ្លាប់​ចូល​រួម ប្រកួតកម្រិតអន្តរជាតិនោះ កីឡាករ​ស្រស់​សង្ហាររូបនេះក្រៅពីធ្លាប់ទទួលបានចំណាត់លេខ៤ ថ្នាក់ជាតិ ក៏ធ្លាប់ទទួលបានមេដាយ សំរឹទ្ធ ក្នុង​ការ​ប្រកួតជើងឯកកីឡាកាយវប្បកម្រិតពិភពលោក កន្លង​មក​ដែរ។

រំលឹកថា ក្រុមគ្រូបង្វឹក អាជ្ញាកណ្តាលកម្រិតអន្តរជាតិ ២រូប និងកីឡាកររបស់​កម្ពុជាចំនួន ៥ រូបបាន​ទៅ​ចូលរួម ព្រឹត្តិការណ៍កីឡាកាយវប្បកម្ម អាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ ២០២៤ សាធារណ​រដ្ឋប្រ​ជាធិប​តេយ្យ ប្រជាមានិតឡាវ។

កីឡាករទាំង ៥ រូប ដែល​បាន​ចូល​រួម​ក្នុងព្រឹត្តិការណ៍​នេះ នឹង​ប្រកួត​តាម​វិញ្ញាសា​ដូច​ខាង​ក្រោម៖

  • កីឡាករ ស្រ៊ិន រាជ្យ ប្រកួតលើវិញ្ញាសា Men’s sports physique over 175cm
  • កីឡាករ ឆឹង ណូរ៉ា ប្រកួតលើវិញ្ញាសា Men’s athlete physique up to 167 cm +4kg និង Fitness Physique
  • កីឡាករ ឆេង ច័ន្ទកក្កដា ប្រកួតលើវិញ្ញាសា Men’s athlete physique up to 167cm +4kg
  • កីឡាករ ជីម ចន្ថា ប្រកួតលើវិញ្ញាសា Men’s athlete Physique up to 175cm +6kg
  • កីឡាករ ខាន់ ឆៃយ៉ា ប្រកួតលើវិញ្ញាសា Men’s sport physique up to 170cm – 2kg

ព្រឹត្តិការណ៍កីឡាកាយវប្បកម្ម អាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ២០២៤ “18th South East Asian Bodybuilding and Physique Sports Championship 2024” ប្រមូលផ្តុំ ដោយអត្តពលិកមកពី១១ ប្រទេស រួមមានកម្ពុជា ថៃ វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡាស៊ី ឥណ្ឌូនេស៊ី ទីមរ ប្រុយ​ណេ និងម្ចាស់ផ្ទះ ប្រទេសឡាវ។ ការ​ប្រកួត​នឹង​ប្រព្រឹត្តិទៅ កាល​ពីថ្ងៃទី ១៦ ខែឧសភា ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤៕

Share.