ថ្ងៃ​១៥​កើត ខែ​ពិសាខ ជា​ថ្ងៃ​ដែល​ពុទ្ធសាសនិក​ទូទាំង​សកល​លោក​តែង​ប្រារព្ធ​ពិធី​បុណ្យ​វិសាខបូជា ដែល​ជា​មហា​កុសល​ដ៏​ប្រសើរ​។ ពិធី​បុណ្យ​វិសាខបូជា ប្រារព្ធ​ឡើង​ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​សំខាន់​បី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ពុទ្ធប្រវត្តិ គឺ ថ្ងៃ​ព្រះ​ពុទ្ធ​សមណគោតម​ប្រសូត​, ថ្ងៃ​ទ្រង់​ត្រាស់​ដឹង​សព្វញ្ញុតញ្ញាណ​, និង​ថ្ងៃ​ព្រះអង្គ​យាង​ចូល​បរិនិព្វាន​។

ព្រះរាជាណាចក្រ​កម្ពុជា​យើង ក៏​ជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា (​និកាយ​ថេរវាទ​) យ៉ាង​ខ្ជាប់ខ្ជួន ទាំង​ក្សត្រ នាម៉ឺន​មន្ត្រី និង​ប្រជារាស្ត្រ​។ ឲ្យ​តែ​ដល់​ថ្ងៃ​៥១​កើត ខែ​ពិសាខ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់ គ្រប់​មជ្ឈដ្ឋាន តែង​រៀបចំ​កម្មវិធី​នៅ​តាម​វត្តអារាម និង​ទី​សក្ការ​បូជា​បែប​ព្រះពុទ្ធសាសនា​នានា ទៅ​តាម​ប្រពៃណី​ជាតិ​របស់​ខ្លួន ដើម្បី​បាន​ជា​បុណ្យ​កុសល​ដ៏​បវរ​ប្រសើរ​។

ក្នុង​ឱកាស​មហា​កុសល​នេះ ជា​រៀង​រាល់​ឆ្នាំ លោកជំទាវ កែ សួន​សុភី ស សុខា ជា​ពុទ្ធសាសនោបត្ថម្ភិកា មហា​ប្រសើរ ព្រមទាំង​ក្រុម​គ្រួសារ​សាច់ញាតិ​ទាំងឡាយ​របស់​លោក​ជំទាវ តែង​ស្រុះស្រួល​មូល​មតិ​គ្នា ឧបត្ថម្ភ ដឹកនាំ​បង្កើត​ឲ្យ​មាន​កម្មវិធី​បុណ្យ​វិសាខបូជា និង​បំបួស​កុលបុត្រ​ឡើង ដើម្បី​បើក​ឱកាស​ឲ្យ​ពុទ្ធបរិស័ទ​ខ្មែរ​បាន​​ចូលរួម​ធ្វើ​បុណ្យ សន្សំ​កុសល ភ្ជាប់​ឧបនិស្ស័យ​នឹង​ព្រះពុទ្ធសាសនា រួម​ចំណែក​ធ្វើ​ឲ្យ​សាសនា​ព្រះសម្ពុទ្ធ​នៅ​កម្ពុជា ក៏​ដូចជា​សកល រីកចម្រើន​លូតលាស់ ជា​អនេក​ប្រយោជន៍​។

នៅ​ឆ្នាំ ២០២៤ នេះ លោកជំទាវ កែ សួន​សុភី ស សុខា និង​ក្រុម​គ្រួសារ ព្រមទាំង​សាច់ញាតិ បាន​ឧបត្ថម្ភ ដឹកនាំ​កម្មវិធី​បុណ្យ​វិសាខបូជា និង​បំបួស​កុលបុត្រ ដល់​កុលបុត្រ កុលធីតា​ខ្មែរ​ចំនួន​៥៤០​រូប នៅ​ខេត្ត​សៀមរាប ត្រង់​វត្ត​ព្រះឥន្ទ​ទេព នៃ​បរិវេណ​ក្រុង​អង្គរធំ នា​ថ្ងៃ​១១​កើត ខែ​ពិសាខ ឆ្នាំ​រោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៤ មុន​ថ្ងៃ​បុណ្យ​វិសាខបូជា​៥ថ្ងៃ។ របៀបវារៈ​នៃ​កម្មវិធី​បុណ្យ​មាន​ដូច​ខាង​ក្រោម​៖

សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​ខេត្ត​សៀមរាប អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យ​វិសាខបូជា ដែល​នឹង​ឈាន​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ នា​វត្ត​ព្រះឥន្ទ​ទេព បរិវេណ​ក្រុង​អង្គរធំ ដោយ​សេចក្ដី​រីករាយ​ជ្រះថ្លា ដើម្បី​បាន​ជា​បុណ្យ​កុសល​ដ៏​ប្រសើរ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.