ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពី «កិច្ចសហការឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE» ជាអ្នកឧបត្ថម្ភធំរយៈពេល ៥ឆ្នាំ ២០២៤-២០២៨។

ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈ​កម្មការប្រតិបត្តិ​រៀបចំការ​ប្រកួត បាល់ទាត់ពានរង្វាន់ បាល់ទាត់ពានរង្វាន់ Soccer League បាន​មាន​ប្រសាសន៍​ថា ការប្រកួត​កីឡា​បាល់​ទាត់ពានរង្វាន់ Soccer League គឺជាផ្នែកដ៏សំខាន់មួយស្ថិត ក្នុងបេសកកម្ម ដ៏ចម្បង​របស់ ស.ស.យ.ក. ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន និងទទួលបន្ទុកក្តាប់រួម Soccer League។

ការ​លើក​ដូច​នេះ​ធ្វើ​ឡើង​ក្នុង​ពិ​ធីចុះអនុស្សារណៈយោគយល់គ្នា រវាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) ជាមួយ​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាអ្នកឧបត្ថម្ភធំមួយស្ដីពី «កិច្ច​សហការ​ឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE» រយៈពេល ៥ឆ្នាំ ២០២៤-២០២៨។

ពិ​ធីចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតី​ភាពរបស់ ឯកឧត្តម ខៀវ ភារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានគណៈ​កម្មការ​ប្រតិបត្តិ​រៀប​ចំការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែល​បាន​ធ្វើ​ឡើង​នៅ​រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅផ្សារទំនើប Chip Mong Mega Mall, St271។

ឯកឧត្តមបានបន្តថា ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League មិនត្រឹមជាវេទិកា​ផ្តល់ឱកាស​ដល់​កីឡាករ​គ្រប់​រូប មកពីគ្រប់ស្ថាប័ន រដ្ឋ និងឯកជន ជុំវិញរាជធានី ខេត្ត ដើម្បីមានឱកាស​បញ្ចេញ​សមត្ថ​ភាព​នៅ​លើទីលាន​វាលស្មៅពណ៌បៃតងកប្រកបដោយ តម្លាភាព នោះទេតែ Soccer League ក៏ព្រឹ​ត្តិការណ៍​មួយដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការ បំផុសចលនាសាមគ្គីភាព រឹត​ចំណង​មិត្តភាព របស់យុវជននៅទូទាំងប្រទេស ជាពិសេសដើម្បីបង្កើត ធនធាន​មនុស្ស​ក្នុងវិស័យ​កីឡា​បាល់ទាត់នៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន និងរឹងមាំ ដើម្បីជាថ្នាល ឆ្ពោះ​ទៅកាន់​ថ្នាក់​ជាតិ និងអន្តរជាតិ ក្រោមពាក្យស្លោកមួយ គឺ ស្មារតីសាមគ្គី។

ឯកឧត្តម បាន​បន្ថែម​ថា ក្នុង​គោលបំណង់​សំខាន់​ និង​ជាយូរណាស់​មក​ហើយ​ពាក់ព័ន្ធនិង​ការ​ជំរុញ បន្ទាប់​ពី​មាន​ការសហការគ្នា​ជា​មួយ​ដៃគូឧបត្តមធំៗ យើង​នឹង​មាន​ការ​រៀប​ចំអោយ​មាន​ការ​ប្រកួត​ជម្រុះ​នៅ​តាម​ភូមិភាគ ដើម្បី​យក​ត្រឹម ៣២ក្រុម​ ដើម្បី​យក​មក​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ។ ការធ្វើ​បែប​នេះ​គឺ​ដើម្បី​ផ្ដល់​ឱកាសដល់​យុវជន​របស់​យើង​នៅ​តាម​តំបន់ ក៏​ដូច​ជាភូមិភាព ដែល​ពិ​បាក់​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ប្រកួត​នៅ​ភ្នំពេញ។​

ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ត្រូវបានរៀបចំឡើងចំនួន ០៦លើក រួចមកហើយ គិតចាប់ពីឆ្នាំ២០១២ មកម្លេះ ដែលឆ្នាំ២០២៤នេះ គឺជាលើកទី៧ហើយ ក្នុងនោះរួមមាន៖

  • ឆ្នាំ២០១២ ទទួលបាន ៣២ក្រុម
  • ឆ្នាំ២០១៣ ទទួលបាន ៤០ក្រុម
  • ឆ្នាំ២០១៤ ទទួលបាន ៣២ក្រុម
  • ឆ្នាំ២០១៥ ទទួលបាន ៤៩ក្រុម
  • ឆ្នាំ២០១៦ ទទួលបាន ៦០ក្រុម
  • ឆ្នាំ ២០១៩ ទទួលបាន ៦០ក្រុម
  • ឆ្នាំ២០២៣ ទទួលបាន ៧៤ក្រុម (ស្រី ១០ក្រុម)
  • ឆ្នាំ ២០២៤ ទទួលបាន ៦១ក្រុម (ស្រី ១៣ក្រុម)

ព្រឹត្តិការណ៍​ប្រកួតបាល់ទាត់ Soccer League លើកទី៧ ឆ្នាំ២០២៤​ មាន ៦១ក្រុមចូល​រួម​ប្រកួត​ ក្នុង​នោះ​មាន​ក្រុមនារី ​ចំនួន ១៣ក្រុម ដែល​គ្រោង​នឹង​ផ្តើម​បើកការប្រកួត​ជាផ្លូវការនៅអំឡុង​ពាកកណ្ដាល​ខែមិថុនា គ្រោងនឹងបញ្ចប់នៅអំឡុងខែកក្កដាឆ្នាំ២០២៤ ខាងមុន​។

ឯកឧត្តម ខៀវ ភារិទ្ធ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា លាង ម៉េង សហ​ស្ថាប​និក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែ វើ រី ជីស ដែលបាន​ចូល​រួម​ឧបត្ថម្ភ​ក្នុង​ព្រឹត្តិការណ៍កីឡានានា នាពេលកន្លងមក ទាំង​ព្រឹត្តិការណ៍ប្រកួតបាល់ពានរង្វាន់ Soccer Leagueលើកទី៦ឆ្នាំ២០២៣ និងបន្ត​គាំទ្ររយៈ​ពេល​៥ឆ្នាំ ២០២៤ – ២០២៨ បន្ថែម​ទៀត ដែល​ការចូលរួមយ៉ាងសកម្មនេះ​ពិតជា​មានសារ​សំខាន់ក្នុងការជួយ​ដើម្បីចូលរួមចំណែ​កជាមួយ​រាជ​រដ្ឋា​ភិបាល ក៏ដូចជាសហភាពសហព័ន្ធ​យុវជន​កម្ពុជា​ក្នុងការលើក​កម្ពស់​វិស័យ​កីឡានៅកម្ពុជាអោយ​កាន់​តែ​រឹងមាំ រីកចម្រើន និងស្មើមុខ ស្មើ​មាត់​នៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា សម្រាប់​ការប្រកួត ព្រឹត្តិការប្រកួតបាល់ពានរង្វាន់ Soccer League លើកទី៦ ឆ្នាំ២០២៣ ​​ក្រុមបាល់ទាត់​ស​.​ស​.​យ​.​ក​. ខេត្តកណ្ដាល បាន​ក្លាយជា​ម្ចាស់​ជើងឯក​ ​ក្រោយ​ពី​បាន​យកឈ្នះ​លើ​ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួង​ការពារជាតិ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​លទ្ធផល ២-០ នៅ​លើ​ទីលាន​ស្មា​ត RSN ស្រប​ពេល​ដែល​ក្រុម​សុ​ភី​ណា​អេ​ហ្វ​ស៊ី​ ក៏​បាន​ក្លាយ​ជា​ជើង​ឯកនារី​ក្នុង​ពានរង្វាន់​តែ​មួយ​នេះ​ផងដែរ៕

Share.