ក្លិបបាល់ទះវិសាខា នឹង​ប្រកួមិត្តភាពអន្តរជាតិ ជាមួយ​ក្លិបបាល់ទះ Lavie Long An របស់វៀតណាម មុនចេញទៅតៃវ៉ាន់ ដើម្បីចូលរួមការប្រកួតពានរង្វាន់ Win+ Steak Volleyball Invitational។ នេះ​បើយោង​តាម​​សហព័ន្ធកីឡាបាល់តះកម្ពុជា បាន​ប្រកាសនៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។

ក្នុង​នោះ​ដែរ ក្រុមជម្រើសជាតិកីឡាបាល់ទះកម្ពុជាអាយុក្រោម ២០ឆ្នាំ ក៏​នឹង​ត្រូវ​ប្រកួតជាមួយ ក្លឹបកីឡាបាល់ទះស្នងការ ន.ប រាជធានីភ្នំពេញ ចូល​រម​ប្រកួត​ជម្រុះ ក្នុង​ពាន​រង្វាន់ 2024 Asian Men’s U20 Volleyball Championship នៅ​ក្នុង​ខែឧសភា​នេះ នៅ​ប្រទេស​ថៃ ដែល​ជា​ទឹក​ដី​កណ្ដាល ដោយ​ត្រូវប្រកួត​ជា​មួយ​វៀតណាម ដើម្បី​ដណ្ដើម​កៅអី​ទៅ​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ប្រទេស​ឥណ្ឌូ​ណេស៊ី។

​សម្រាប់​ជំនួ​បប្រកួត​មិត្តភាពនេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅ​ពហុកីឡ​ដ្ឋាន​ជាតិ (ស្តាតអូឡាំពិក) ចាប់​ពី​ម៉ោង ០៣:០០នាទីល្ងាច​តទៅ។ ការប្រកួត​ នឹង​បើកអោយ​អ្នកគាំទ្រ​ចូលរួមទស្សនាដោយសេរី។

កម្មវីធីប្រកួតមានដូចខាង​ក្រោម៖

  • ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ ប៉ះ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វេលាម៉ោង ៣:០០នាទីរសៀល
  • ក្លិបកីឡាបាល់ទះវិសាខា ប៉ះ ក្លិបកីឡាបាល់ទះ Lavie Long An វេលាម៉ោង ៥:០០នាទីរសៀល

បន្ទាប់ពីបញ្ចប់ការប្រកួតមិត្តភាពនេះ ក្រុមបាល់ទះវិសាខា របស់កម្ពុជា នឹងត្រូវចេញទៅតៃវ៉ាន់ ដើម្បី​ចូល​រួម​ការ​ប្រកួតពានរង្វាន់ Win+ Steak Volleyball Invitational ដែលមានក្លិបបាល់ទះ Win Streak កីឡាករ​កម្ពុជា វឿន វាសនា កំពុងប្រកបអាជីព ធ្វើជាម្ចាស់ផ្ទះ។

ខណ:ពាននេះមានបេក្ខភាព ៨ក្រុមចូលរួម ដូចជាក្រុមវិសាខា (កម្ពុជា), Flying Falcon (ម៉ាឡេស៊ី), Nature Med Club (ម៉ុងហ្គោលី), Saitama Azalea (ជប៉ុន), Australian Volleyball Academy (អូស្រ្តាលី), Thành Phố Hồ Chí Minh (វៀតណាម) និងក្រុមម្ចាស់ផ្ទះតៃវ៉ាន់ ២ក្រុម គឺក្រុម Win Streak និងក្រុម Long my Construction។ ការប្រកួត​ នឹង​ត្រូវ​ចាប់​ផ្ដើម​ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤៕

Share.