កំពង់ចាម៖ នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានចាត់ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយលោកនាយកសាខា លោកប្រធានកិត្តិយសអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កម្រិតធ្ងន់- ស្រាល សរុប១១ គ្រួសារ រស់នៅក្នុងភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ។ 

គួរំលឹកដែរថា កាលពីម៉ោង ៤រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤  ដែលពេលនោះ មានខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ១១ខ្នង ក្នុងភូមិស្វាយព្រៃ ឃុំសណ្តែក  ត្រូវរងការខូចខាត  របើកសង្កសី  និងរបើកក្បឿង ក្នុងនេះ មានផ្ទះ ៣ខ្នង រងការខូចខាត កម្រិតធ្ងន់  ត្រូវខ្យល់កន្ត្រាក់ គួចបំប៉ើងដំបូលធ្លាក់ដល់ដី និង ផ្ទះ ៨ខ្នងទៀត រងការខុចខាតកម្រិតស្រាល ប៉ុន្តែ  មិនបានប៉ះពាល់ដល់ជីវិតប្រជាពលរដ្ឋទេ ។ 

លោកជំទាវ ប៉ាង ដានី  បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត    ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា  តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ”  ។

 

លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខា  បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង  ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ជាមួយនោះ ត្រូវ ខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្តារជួសជុល ផ្ទះស្នាក់នៅឡើងវិញ ។ ក្នុងការរស់នៅ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក “ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” និង សូម ចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងអាកាសធាតុ ដែលកំពុងប្រែប្រួលកើនកម្តៅយ៉ាងខ្លាំង ។

  សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមានដូចជា. ពលរដ្ឋរងគ្រោះ កម្រិតធ្ងន់ទាំង ៣គ្រួសារ  ក្នុង ១គ្រួសារ ទទួលបាន  ថវិកា ៤០០,០០០  រៀល ។ ដោយឡែក ពលរដ្ឋរងផលប៉ះពាលកម្រិតស្រាល ក្នុង ១គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល៕

អត្ថបទ៖អាចារ្យលាក់

Share.