ភ្នំពេញ ៖ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ចដោយបានផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ក្នុងនោះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន ៨ ៦៦៥សន្លឹក ដោយឥតគិតថ្លៃ នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះត្រូវបានធ្វើឡើងយ៉ាងសកម្មជាប្រចាំថ្ងៃ ជាក់ស្តែងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានចំនួន ៧០០សន្លឹក។ ថ្ងៃទី១៤ បានផ្តល់ចំនួន ១ ១៧០សន្លឹក។ នៅថ្ងៃទី១៥ បានផ្តល់ចំនួន ១ ៥៤២សន្លឹក។ ថ្ងៃទី១៦ បានផ្តល់ចំនួន១ ៥៤៩សន្លឹក។ ថ្ងៃទី១៧ បានផ្តល់ចំនួន១ ៧២៤សន្លឹក។ថ្ងៃទី១៨ ផ្តល់ចំនួន ១ ១៩៥សន្លឹក។ ថ្ងៃទី១៩ ផ្តល់ចំនួន៧៨៥សន្លឹក។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានអាយុពី១៥ឆ្នាំឡើង អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាទីតាំងមួយចំនួនរួមមាន៖ ១. នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន ឬនៅស្ថានីយ៍ចល័ត នៃឃុំ សង្កាត់ របស់ខ្លួន តាមការជូនដំណឹងរបស់អាជ្ញាធរ។ ២. នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង៣. នៅទីស្នាក់ការផ្តល់អត្តសញ្ញាណបណ្ឌសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបអ៊ីអ៉នម៉ល២ (AEON Mall II) ដោយឥតគិតថ្លៃ។

«ក្រោយពេលដាក់ពាក្យបំពេញបែបបទ និងឯកសារត្រឹមត្រូវគ្រប់គ្រាន់ រយៈពេល៣០ថ្ងៃនៃថ្ងៃធ្វើការ សាមីខ្លួនអាចអញ្ជើញមកទទួលយកអត្តសញ្ញាណបណ្ណបាន។ សូមបងប្អូនប្រជាពលរដ្ឋទាញយកកម្មវិធី (App) របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គឺ GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន»។ លោក ទូច សុឃៈ (សុខៈ) បញ្ជាក់បន្ថែមពីរយៈពេលនៃការទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងការសាកសួរព័ត៌មានអំពីការផ្តល់សេវាអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ។

បន្ថែមលើការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រយៈពេល៧ថ្ងៃ កន្លងមកនេះ មន្ត្រីបានបន្តផ្តល់សេវាអត្តសញ្ញាណកម្មផ្សេងទៀត ក្នុងនោះ រួមមាន លិខិតឆ្លងដែននិងលិខិតធ្វើដំណើរចំនួន ៨ ៦៥៥ក្បាល និងសៀវភៅស្នាក់នៅនិងគ្រួសារសរុបចំនួន ៤ ៤៦១ក្បាលផងដែរ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៕

អត្ថបទ៖ សង្គម

Share.