ស្វាយរៀង ៖ ម៉ូតូសណ្តោងរុឺម៉កដឹកអុីវ៉ាន់មួយគ្រឿង បើកជ្រុលបុកផ្ទប់កង់រថយន្តកុងតឺន័រផ្នែងខាងក្រោយ កំពុងបើកឆ្លងផ្លូវ បណ្តាលឱ្យរងការខូចខាតខ្ទេចមួយកំណាត់មុខ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៦២-១៦៣ ត្រង់ផ្លូវបំបែកជាបី ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូសណ្តោងរុឺម៉ក ដឹកអុីវ៉ាន់បើកពីកើតទៅលិច ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនជាប់ ព្រោះដឹកធ្ងន់ ក៏ជ្រុលទៅបុកកង់ក្រោយរថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខវៀតណាម 62C-295.87 កំពុងបើកឆ្លងផ្លូវពីជើងទៅត្បូង បត់ទៅកើត បណ្តាលឱ្យម៉ូតូរុឺម៉ក ខ្ទេចមួយកំណាត់មុខ អ្នកបើកបររបួសស្រាល ។

ក្រោយកើតហេតុ ដោយមិនចង់ឱ្យវែងឆ្ងាយ ភាគីសងខាងធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តជួយថ្លៃជួសជុលម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.