សៀមរាប ៖ នារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីមទាក់ដៃចង្កូតជាមួយក្មេងស្រីកំពុងជិះកង់ បណ្តាលឱ្យដួលចូលរថយន្ត ក្មេងស្រីរងរបួសស្រាល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិត្រាងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

តាមនគរបាលបានឱ្យដឹងថា នារីរងគ្រោះស្លាប់ក្នុងហេតុការណ៍ មានឈ្មោះ ម៉ៅ ស្រីពៅ អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ចំណែកក្មេងស្រីជិះកង់ រងរបួសស្រាល មានឈ្មោះ សន សុភ័ណ្ឌ អាយុ១៤ឆ្នាំ រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ប្រភពបន្តទៀតថា មុនកើតហេតុ នារីរងគ្រោះជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AJ-2529 ធ្វើដំណើរពីកើតទៅលិច ដល់ចំណុចកើតហេតុជ្រុលទាក់ដៃចង្កូតជាមួយកង់ក្មេងស្រី កំពុងជិះស្របទិស បណ្តាលឱ្យដួល ស្របពេលដែលរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-4125 បើកពីកើតទៅលិចដែរហ្វ្រាំងមិនទាន់កិនស្លាប់ភ្លាមៗនៅកន្លែង ចំណែកក្មេងស្រីជិះកង់រងរបួសស្រាល អ្នកបើកបររថយន្តចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុនគរបាលជំនាញចុះទៅពិនិត្យស្លាកស្នាមរួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ កង់ នគរបាលយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.