ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ស្រី១នាក់ ពាក់ព័ន្ធទៅនឹងករណីលួចរថយន្តសាំយ៉ុងមួយគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាពីលោកវរសនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ និងកម្លាំងព្រហ្មទណ្ឌ ស្នងការក្រុងភ្នំពេញ ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបាន កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅផ្ទះជួលក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តដែលជនសង្ស័យលួចយកទៅ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AC-5435 ម្ចាស់ឈ្មោះ ឡឹងសេរីវុត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ដឹកអុីវ៉ាន់រោងចក្រ នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមប្រភពបានឱ្យដឹងថា កាលពីវេលាម៉ោង២និង០៤នាទីរំលងអធ្រាត្រចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ក្រុមជនសង្ស័យបានធ្វើសកម្មភាព លួចរថយន្តសាំយ៉ុង ដែលម្ចាស់ចតទុកមុខផ្ទះ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ លុះព្រឹកឡើងទើបដឹងថាបាត់រថយន្ត ឆែកកាមេរ៉ាសុវត្តិ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ទើបកម្លាំង បើកការស្រាវជ្រាវ ស្គាល់ភិនភាគជនសង្ស័យ ទីបំផុតនៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ តាមចាប់ខ្លួនជនសង្ស័យបាន៥នាក់ ស្រី១នាក់ នៅផ្ទះជួលក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ដកហូតបានម៉ូតូហុងដាឌ្រីមមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KG-8209 ជាមធ្យោបាយរបស់ជនសង្ស័យ ឌុបគ្នាទៅលួចរថយន្ត ។

ជនសង្ស័យបានសាភាពថា ពួកគេពិតជាលួចរថយន្តសាំយ៉ុង មួយគ្រឿងខាងលើពិតមែន ។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យ នាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីអនុវត្តទៅតាមនីតិវិធី និងបន្តតាមចាប់បក្ខពួកបន្ថែមទៀត ហើយកម្លាំងបន្តនាំជនសង្ស័យទៅ តាមយករថយន្ត ដែលពួកគេបើកយកទៅចតទុកចោលតាមផ្លូវជាតិលេខ៣ ក្បែរវត្តស្លែង ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រួចហៅម្ចាស់រថយន្ត ទៅបើកយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន រង់ចាំប្រគល់ជូនម្ចាស់វិញនៅពេលក្រោយ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.