ព្រះសីហនុ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាក ព្រះស្កន្ទគង់លើក្ងោក ស្ថិតនៅចំណុចផ្លូវប្រសព្វវិថី ២ធ្នូ និងវិថីសម្តេចតេជោ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤គឺដើម្បីបង្ហាញពីវប្បធម៌និងសុខសន្តិភាព។

សូមបញ្ជាក់ថា រូបសំណាក « ព្រះស្កន្ទគង់លើក្ងោក» ធ្វើពីស្ពាន់ ព្រះនេត្រធ្វើពីត្បូងនិល ដៃស្តាំកាន់ត្រីសូរ ដៃឆ្វេងកាន់ឈូក មានកម្ពស់សរុប ១២,៣៦ម៉ែត្រ ដែលគូរ និងកសាងដោយវិចិត្រករខ្មែរ ដែលរចនាឡើងស្ថាបត្យកម្មសិប្បកម្មរបស់ខ្មែរវីរសិង្ហ ចំណាយពេលគូរ និងចាក់ស្ពាន់ ក្នុងប្រទេសកម្ពុជាប្រមាណ ៧ខែ ហើយការដំឡើងនេះ គឺដើម្បីបង្ហាញពីវប្បធម៌ និងសុខសន្តិភាព ហើយម្យ៉ាងទៀតក៏បានលើកកម្ពស់នូវសោភណ្ឌភាព បរិស្ថានក្នុងក្រុងព្រះសីហនុថែមមួយកម្រិតទៀតក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកទស្សនាកំសាន្ត។

ទាំងអស់នេះគឺដោយការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តដែលបានរៀបចំខេត្តព្រះសីហនុក្លាយជាខេត្តមានការអភិវឌ្ឍការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវធំទូលាយល្អស្អាតមានសួនច្បារ មានរូបសំណាក់ទៅតាមរចនាបទខ្មែរជាច្រើនកន្លែងដែលធ្វើឲ្យខេត្តកាន់តែមានសោភ័ណភាពបន្ថែមទៀត។

រូបសំណាកនេះ ជាឥរិយាបថ ដែលព្រះអង្គយាងពីធ្វើសង្រ្គាម បន្ទាប់ពីឈ្នះសង្គ្រាម ព្រះអង្គបានគង់លើសត្វក្ងោក។ រូបសំណាកនេះក៏បានក្លាយជារូបសំណាកទី៤ បន្ទាប់ពីរូប សំណាកធំៗចំនួន៣ផ្សេងទៀតដែលត្រូវ បានកសាងលើទឹកដី ខេត្តព្រះសីហនុ បន្ទាប់ពីរូប ព្រះថោងនាងនាគ ដែលកំពុងទទួល បានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យមកទស្សនាទស្សនា យ៉ាងច្រើនកុះករនាពេលបច្ចុប្បន្ន ។

បន្ទាប់មក សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា នៅកន្លែង រូបសំណាកតោពីរ ក្រុងព្រះសីហនុ, បដិមាព្រះថោងនាងនាគ ឃុំបិតត្រាំង ស្រុកព្រៃនប់, បដិមាព្រះឧមាមហេសូ ស្ថិតនៅ ឃុំរាម ស្រុកព្រៃនប់ បន្ទាប់មកនិមន្ត សម្តេចសង្ឃ និងព្រះសង្ឃ ប្រោះព្រំ «ថ្មសុភមង្គល» ស្ថិតនៅទីលានតេជោក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុផងដែរ៕

អត្ថបទ ៖ ឈុន គឹមហៃ

Share.