មិនធម្មតាមែន! តារាចំរៀងលំដាប់អន្តរជាតិ Jenifer Lopez ​ហៅ​ JLO ទទួល​បាន​ចិញ្ចៀន​ភ្ជាប់​ពាក្យ​រៀបការ​​ម្ដង​ៗ​ មាន​តម្លៃ​ខ្ទង់​លាន​ដុល្លារ។

តារាចម្រៀងស្រីលំដាប់ថ្នាក់អន្តរជាតិ ចេនី ហ្វឺលូប៉េស (Jenifer Lopez) បានក្លាយជាម្ចាស់ចិញ្ជៀនពេជ្រទំហំ ៦ការ៉ាត ពណ៌ផ្កាឈូកដ៏កម្រ ដែលមានតម្លៃ១២លានដុល្លា បើ​គិត​ក្នុង​ពេល​បច្ចុប្បន្ន​ ដោយ​ចិញ្ចៀន​នោះ​ JLO ទទួល​បាន​ពី​អតីត​គូ​ដណ្ដឹង​លោក Ben Affleck កាល​ពី​ឆ្នាំ​ ២០០២​ ដោយ​កាល​នោះ​មាន​តម្លៃ​ត្រឹម​តែ​ ២.៥​លាន​ដុល្លារ​ទៅ​ ៣.៤លាន​ដុល្លារ​។

ចិញ្ចៀន​តម្លៃ​ខ្ទង់​លាន​ដុល្លារ​ទីពីរ​ដែល​តារា​ស្រី​ល្បី​រូប​នេះ​ទទួល​បាន​គឺ​ពី​​អតីត​ស្វាមី​ លោក Marc Anthony ដោយ​អ្នក​ទាំងពីរ​បាន​រៀបការ​ជាមួយ​គ្នា​នៅ​ឆ្នាំ​២០០៤ ហើយ​បាន​លែងលះ​គ្នា​វិញ​នៅ​ឆ្នាំ​២០១៤​។ កាល​នោះ​ចិញ្ចៀន​រៀបការ​ទំហំ៨.៥​ការ៉ាត​ ដែល​អ្នក​នាង​ទទួល​បាន​មាន​តម្លៃ​៤លាន​ដុល្លារ​ បើ​គិត​មក​ដល់​បច្ចុប្បន្ន​តម្លៃ​មិន​ក្រោម​១០លាន​ដុល្លារ​នោះ​ទេ​។

ចុង​ក្រោយ​ចិញ្ចៀន​តម្លៃ​ខ្ទង់​លាន​ទី​បី​ដែល​តារា​ល្បី​​រូប​នេះ​ទទួល​បាន​គឺ​ពី​លោក​ Alex Rodriguez កាល​ពី​ឆ្នាំ​២០១៩ បន្ទាប់​ពី​ចាប់​ផ្ដើម​សេពគប់​គ្នា​តាំង​ពី​២០១៧។ ចិញ្ចៀន​ពេជ្រ​ទំហំ ១៥​ការ៉ាត ដែល​ JLO ទទួល​បាន​កាល​ណោះ​មាន​តម្លៃ​ពី​ ១លាន​ដុល្លារ​ទៅ​៣​លាន​ដុល្លារ​ តែ​គួរ​ឱ្យ​ស្ដាយ​​ចំណង​ស្នេហ៍​បាន​បញ្ចប់​ត្រឹម​ឆ្នាំ​២០២១។​

អ្នកនាង ចេនី ហ្វឺលូប៉េស គឺជាតារាស្រីលំដាប់ថ្នាក់អន្តរជាតិដែលមានចិញ្ជៀនអាពាហ៍ពិពាហ៍ថ្លៃបំផុត ក្នុងចំណោមតារាអន្តរជាតិ ២០នាក់ផ្សេងទៀតដែលមានចិញ្ជៀនអាពាហ៍ពិពាហ៍ថ្លៃបំផុតដូចគ្នា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន PopSugar។

ដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.