ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់ជើងស្តាំ បន្ទាប់ពីប្រើប្រាស់ជាតិស្រវឹងចូលពេញខ្លួន ជិះម៉ូតូបោះពួយលឿនជ្រុល ទៅបុកពីក្រោយម៉ូតូកង់បី កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ញ៉ែ សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់ជើងស្តាំ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF-5857 ក្នុងសភាពស្រវឹង បើកបោះពួយល្បឿនលឿន ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HV-1099 បណ្តាលឱ្យបោកផ្ទប់រងរបួសធ្ងន់ បាក់ជើងស្តាំ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកឯមធ្យោបាយទាំង២គ្រឿង ប្រគល់ឱ្យសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.