ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បាន​ចេញ​សេចក្ដីប្រកាសជាផ្លូវការនៅ​ថ្ងៃនេះថា ក្លិបនឹង​ធ្វើការ​ប្តូរ​និមិត្ត សញ្ញា (Logo) របស់​ក្លិប​ទៅ​និមិត្តសញ្ញាចាស់ ដែលមានដាក់បញ្ចូលទង់ជាតិខ្មែរ ប្រាសាទ​អង្គរ​វត្ត និង​រូប​រាងខេត្ត​សៀម​រាប និងរូបខ្លា អម​ជា​មួយ​ពាក្យ Angkor Tiger Football Club។

​និមិត្ត សញ្ញា (Logo) បច្ចុប្បន្ន

ចំពោះ​ការ​ប្ដូរ​ Logo ទៅនិមិត្តសញ្ញាចាស់​នេះដែរ ក្លិប​បាន​បញ្ជាក់ពី​មូល​ហេតុគឺ ដោយសារនៅរដូវកាលក្រោយ​ក្លិបនឹងមានកីឡដ្ឋានថ្មីផ្ទាល់ខ្លួន។ វាក៏នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយផងដែរ ព្រោះ​វានឹង​ឈានចូលគំរប់ខួប ១០ឆ្នាំ ដែលក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានបង្កើតឡើង។ ក្លិប​​នឹង​រៀប​ចំ​នូវ​កម្មវិធី ហើយ​ព្យាយាម​ទាក់ទាញ​មនុស្ស​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន រួម​ទាំង​ជនបរទេស​មក​ទស្សនា​នៅ​ខេត្តសៀមរាប និង​កីឡដ្ឋានថ្មី។

​និមិត្ត សញ្ញា (Logo) ចាស់

និមិត្តសញ្ញា (Logo) ចាស់ មាន​ដាក់បញ្ចូលទង់ជាតិខ្មែរ ប្រាសាទអង្គរវត្ត និង​រូប​រាងខេត្ត​សៀម​រាប​ ក្នុង​គោល​បំណង​បញ្ជាក់ថា ក្លិបបាត់ទាត់ អង្គរថាយហ្គឺរ គឺជាក្លិប​ដែលមាន​មូលដ្ឋាន​នៅក្នុង​ខេត្ត​សៀម​រាប នៃប្រទេស​កម្ពុជា។ ក្នុង​នោះ​ក្លិប សង្ឃឹម​ថា នាពេលខាងមុន ឯកសណ្ឋាន និង​វត្ថុអនុស្សា​វរីយ៍​របស់​ក្លិបដែលមាននិមិត្តសញ្ញានេះនឹងមានដាក់លក់ ហើយទទួល​បានការគាំទ្រ​ពីសំ​ណាក់​បង​ប្អូន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទឹក​អង្គរ ខេត្ត​សៀម​រាប​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៥ គិត​មក​ដល់​ពេល​នេះ មាន​អាយុកាល ៩ឆ្នាំហើយ៕

Share.