ហ្សាការតា៖ មន្ត្រីម្នាក់បាននិយាយនៅថ្ងៃសុក្រ នេះថា មនុស្សរាប់រយនាក់ដែលរស់នៅក្បែរភ្នំភ្លើងដែលកំពុងបញ្ចេញសកម្មភាពពុះកញ្ជ្រោលនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ត្រូវបានជម្លៀសចេញ បន្ទាប់ពីអាជ្ញាធរបានដំឡើងស្ថានភាពប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤។

អាជ្ញាធរបានដំឡើងស្ថានភាពប្រកាសអាសន្ន សម្រាប់អ្នករស់នៅក្បែរភ្នំភ្លើង Ibu ដែលស្ថិតនៅលើកោះដាច់ស្រយាល Halmahera ដល់កម្រិតខ្ពស់បំផុតឈានដល់កម្រិតទី៤ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានកត់ត្រាការផ្ទុះដ៏ធំចំនួន២ សម្រាប់ថ្ងៃទីពីរជាប់ៗគ្នា។

មន្ត្រីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់លោក Muhammad Ade Fabanyo បានប្រាប់ AFP ថា ភ្នំភ្លើងនេះបានបញ្ចេញផេះ និងផ្សែងហុយឡើងលើមេឃកម្ពស់ ៥,០០០ម៉ែត្រ ហើយអ្នកស្រុកចំនួន៧ ដែលរស់នៅក្បែរភ្នំភ្លើង Ibu ត្រូវបានជម្លៀសចេញកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអាជ្ញាធរបានដំឡើងការប្រកាសអាសន្ន ខណៈអាជ្ញាធរបានដាស់តឿន ឱ្យនៅឆ្ងាយពីតំបន់ងាយរងគ្រោះថ្នាក់ចាប់ពី ៤ទៅ៧គីឡូម៉ែត្រ ព្រមទាំងតម្រូវឱ្យពាក់ម៉ាសផងដែរ។

ប្រធានទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ប្រទេស លោក Muhammad Wafid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ភ្នំភ្លើង Ibu បានផ្ទុះឡើងម្តងទៀតនៅព្រឹកថ្ងៃសុក្រ ដោយបានបញ្ចេញផេះភ្នំភ្លើងកម្ពស់ ៤,០០០ម៉ែត្រពីលើកំពូលភ្នំរបស់វា»។

ភ្នំភ្លើង Ibu គឺជាភ្នំភ្លើងសកម្មបំផុតមួយរបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានផ្ទុះច្រើនជាង ២១,០០០ដង កាលពីឆ្នាំមុន។

សូមជម្រាបថា ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជុំកោះដ៏ធំ ជួបប្រទះនឹងការរញ្ជួយដី និងតែងតែជួបប្រទះនឹងសកម្មភាពបំផ្ទុះភ្នំភ្លើងជាញឹកញាប់ ដោយសារតែទីតាំងរបស់ប្រទេសនេះស្ថិតនៅលើចំណុច «Ring of Fire» នៃមហាសមុទ្រប៉ាស៊ីហ្វិក។ កាលពីខែមុន ភ្នំភ្លើង Ruang ក្នុងខេត្ត Sulawesi ខាងជើងបានផ្ទុះឡើងជាច្រើនដងដែរ ដែលជាហេតុបង្ខំឱ្យប្រជាជនរាប់ពាន់នាក់នៃកោះក្បែរនោះត្រូវជម្លៀសចេញ៕

ប្រភព៖ CNA

Share.