ក្នុងនោះកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម រំដោះផ្ទៃដីចម្ការមីន​ និងចម្ការគ្រាប់សរុបទំហំ ៩១.៩១៩.៩៧២ម៉ែត្រក្រឡាស្មើនឹងជាង៩២% នៃផែនការ​ ដោយរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៨២,១៣៨គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន១៦.១៣៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន៣២៣គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ៣៩គ្រាប់ គ្រាប់បែកចង្កោម៨.០៩០គ្រាប់ មីនច្នៃចំនួន១៧គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទមានចំនួន៥៧.៥៣១គ្រាប់។​

នៅក្នុងរយៈពេល១១ខែ (មករា-វិច្ឆិកា) ឆ្នាំ២០២១នេះដែរ អង្គភាពស៊ីម៉ាក់ និងបណ្តាញស្ម័គ្រចិត្ត​តាមភូមិឃុំស្រុកបាន​ចុះ​ធ្វើការ​ផ្សព្វ​ផ្សាយ​អប់រំ​ការយល់​ដឹង​ពីគ្រោះថ្នាក់​ដោយ​សារ​មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុម​គោល​ដៅ​​បាន​ចំនួនជាង ១៦,០០០​ ​លើក ដោយចុះជួបតាមខ្នងផ្ទះមានចំនួនជាង​ ៦សែនខ្នងផ្ទះ ​មាន​ប្រជា​​​ពលរដ្ឋ​ចូលរួមសរុប​​ចំនួនជិត១លាននាក់។ ទន្ទឹមគ្នានេះ ក្រុមការងារក៏បានចុះពិនិត្យទីតាំងគ្រាប់មីន និងយុទ្ធ​ភណ្ឌ​មិនទាន់ផ្ទុះ ដែល​ប្រជា​ពល​រដ្ឋ​បាន​រាយការណ៍ និង​បាន​កម្ទេច​​ចោល​​គ្រាប់មីននិងយុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះគ្រប់ប្រភេទ​បាន​ចំនួន​ជិត១៥,៤០០គ្រាប់ និង​អាវុធធុន​ស្រាលមួយចំនួនផងដែរ។

សំរាប់ផែនការឆ្នាំ២០២២ខាងមុខ​ អង្គភាពស៊ីម៉ាក់មានផែនការរំដោះផៃ្ទដីរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមជាង១២៥គីឡូម៉ែត្រក្រឡា​ លើផែនការនេះ​កំលាំងអង្គភាពស៊ីម៉ាក់បានទទួលការគាំទ្រពីគំរោងរបស់រាជរដ្ឋាភិបាល​ គំរោង​ជំនួយរបស់រដ្ឋាភិបាលជប៉ុន​ គំរោងជំនួយតាមរយ:ដេញថ្លៃពីUNDP/អាជ្ញាធរមីន​ គំរោងជំនួយរបស់រដ្ឋាភិបាលចិន​ គំរោងជំនួយរបស់អង្គការជំនួយប្រជាជនណរ័វេស្ស​(NPA ដែលទទួលបានពីរដ្ឋាភិបាលណ័រវេស្សនិងអាមេរិក)​ គំរោងជំនួយអង្គការAPOPOរបស់រដ្ឋាភិបាលប៊ែលហ្សិក​ គំរោងជំនួយរបស់អង្គការJMAS និងគំរោងជាមួយអង្គការMAG​ សរុបមានចំនួន២៥គំរោង​ និងអាចមានលទ្ធភាពពង្រីកបន្ថែមដេីម្បីសំរេចមហិ្ឆតាផែនការឆ្នាំ២០២២ខាងមុខនេះ៕

ប្រភព៖ ឯកឧត្តម ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) 

Share.