Youtube ៖ ករណី​ដែល​គូស្នេហ៍​ Youtuber អង់គ្លេស​មួយ​គូ​បាន​បង្ហោះ​ចែក​ចាយ​វីដេអូ Vlog ចែក​រំលែក​បទ​ពិសោធ​ជីវិត​ដ៏​អាក្រក់​ពេល​បាន​​មក​កម្សាន្ត​​នៅ​កម្ពុជា​ កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍​ទ្វេរ​ដង​នៅ​ពេល​ដែល​ឆាណែល​ថៃ​មួយ​បាន​យក​រឿង​រ៉ាវ​នោះ​ផុស​ផ្សព្វផ្សាយ​បន្ត​។ តើ​អ្វី​ដែល​គូស្នេហ៍​រូប​នោះ​និយាយ​គឺជា​ការ​ពិត​ ឬ​វាគ្រាន់​តែ​ជា​ការ​បង្កើត​សាច់​រឿង​ដើម្បី​ចង់​ Discredit ប្រទេស​កម្ពុជា​?​

យោង​តាម​ឆាណែល​មួយ​ដែល​មាន​ឈ្មោះ​ថា​ Thailand & The World ដែល​​មាន​ចំនួន​ Subscribers ត្រឹម​តែ​ 12.3K ប៉ុណ្ណោះ​ បាន​យក​រឿង​រ៉ាវ​របស់​គូស្នេហ៍​ Youtuber សញ្ជាតិ​អង់គ្លេស​មួយ​គូ ​ដែល​បាន​​បង្ហោះ​​ Vlog នៅ​លើ​ឆាណែល​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ On Tour with Drigers មក​អត្ថាធិប្បាយជា​ភាសា​ថៃ​ មក​​បង្ហោះ​ផ្សព្វផ្សាយ​លើ​ឆាណែល​របស់​ខ្លួន​។

បើ​តាម​ការ​រៀប​រាប់​ បុរស​ស្ត្រី​អង់គ្លេស​បាន​និយាយ​ថា​ពួក​គាត់​បាន​ចាក​ចេញ​ពី​ក្រុង​បាងកក​ប្រទេស​ថៃ​ តាម​រយៈ​រថភ្លើង​មក​ព្រំដែន​កម្ពុជា​ មុន​នឹង​ឆ្លង​ដែន​មក​ប្រទេស​កម្ពុជា​ពួក​គាត់​ទទួល​បាន​ដំណឹង​អវិជ្ជមាន​ជា​ច្រើន​ ក្រើន​រំ​លឹក​ឱ្យ​ពួក​គាត់​ប្រយ័ត្ន​ខ្លួន​ ប៉ុន្តែ​ពេល​មក​ដល់​មែនទែន​ គ្រប់​វាអាក្រក់​ជាង​អ្វី​ដែល​ពួក​គាត់​បាន​ឮ​ទៅទៀត​។

ចំណុច​សំខាន់​ដែល​ដក​ស្រង់​បាន​ពី​ឆាណែល​ Thailand & The World ​ដែល​យក​រឿង​រ៉ាវ​គូស្នេហ៍​ខាង​លើ​មក​បង្ហោះ​ ​បាន​លើក​យក​ចំណុច​អវិជ្ជមាន​ជា​ច្រើន​របស់​ប្រទេស​កម្ពុជា​មក​និយាយ​ដោយ​ក្នុង​នោះ​ សារ​ព័ត៌មាន​ត្រយង​សូម​ដក​ស្រង់​តែ​ប៉ុន្មាន​ចំណុច​មក​ជម្រាប​ជូន​មិត្ត​អ្នក​អាន​ដូច​ខាង​ក្រោម​៖

១. ​ត្រូវ​អាជ្ញាធរ​ច្រក​ព្រំដែន​បង្ខំ​ឱ្យ​ចាយ​លុយ​​ក្រោម​តុ​ (លុយ​សំណូក​) ចំនួន​៣​ដុល្លារ​ លើ​តម្លៃ​វាយ​ Passport ចូល​​ប្រទេស​កម្ពុជា​ដែល​មាន​តម្លៃ​ ៣០​ដុល្លារ។ គាត់​ធ្លាប់​បាន​ដឹង​ដំណឹង​នេះ​រួច​ស្រេច​ហើយ​ទើប​គាត់​ព្យាយាម​បដិសេធ​មិន​ព្រម​បង់​លុយ​ក្រោម​តុ​ចំនួន​៣​ដុល្លារ​នោះ​ ដូច្នេះ​​អាជ្ញាធរ​នៅទីនោះ​ព្យាយាម​ឃាត់​ខ្លួន​គាត់​មិន​ឱ្យ​ចូល​លុះ​ត្រា​តែ​គាត់​ដាច់​ចិត្ត​បង់​ប្រាក់​៣​ដុល្លារ​នោះ​

​២. ចូល​មក​ដល់​ច្រក​ព្រំដែន​កម្ពុជា​ សំបូរ​ដោយ​កាស៊ីណូ (បន​ល្បែង) រីកដូច​ផ្សិត​ ប្រៀប​ដូច​ទៅ​នឹង​ទីក្រុង​ម៉ាកាវ​ ប្រទេស​ចិន​ ថែម​ទាំង​ចូល​ដល់​ភ្លាម​ពេល​គាត់​រក​ទីតាំង​រថយន្ត​ក្រុង​ មិន​ទទួល​បាន​ចម្លើយ​ហើយ​នោះ​ ថែម​ទាំង​ត្រូវ​អ្នក​រត់​តាក់ស៊ី​ ព្យាយាម​បោក​ប្រាស់​ឱ្យ​គាត់​ឡើង​ជិះឡាន​

៣. ក្បួន​បោក​ប្រាស់​អ្នក​ទេសចរណ៍​​រៀបចំ​ជា​ប្រព័ន្ធ​ ប៉ូលិស​នៅទីនោះ​ចូលដៃ​ចូលជើង​ជាមួយ​ក្រុម​ឆបោក​ ចង់​កោរ​លុយ​របស់​ពួកគេ​ បង្ខំ​ឱ្យ​ឡើង​ជិះឡាន​តាក់ស៊ី​គ្នា​គេ​នោះ​ ដោយ​កុហក​ថា​ពី​ប៉ោយប៉ែត​ ទៅ​សៀមរាប​អត់​មាន​ឡាន​ក្រុងបើក​ទេ​ គឺ​បិទ​តាំង​ពី​សម័យ​កូវីដ​ អត់​ទាន់​បើក​វិញ​ទេ​ ដោយ​សារ​តែ​មិន​ទុក​ចិត្ត​អ្នក​ទាំង​ពីរ​សុខ​ចិត្ត​ស្វែង​រក​ឡាន​ឈ្មួល​ជិះ​ទៅ​សៀមរាប​ អស់​ម្នាក់​២០​ដុល្លារ​ ប៉ុន្តែ​ចង្អៀត​ ក្ដៅ​ហប់​ ស្ពឹក​ដៃ​ជើង​កំរើក​មិន​រួច​

៤. បទ​ពិសោធឈឺចាប់​មួយ​ទៀត​ត្រូវ​អ្នក​រត់​កង់​បី​ Passapp បោកលុយ​ ជិះ​ម៉ូតូ​អស់​ត្រឹម​តែ​១​ម៉ឺន​រៀល​ ពេល​ហុច​លុយ​ក្រដាស​៥​ម៉ឺន មិន​ព្រម​អាប់​លុយ​ ថែម​ទាំង​បើក​រត់​គេច​ ពេល​ទៅ​ក្រុមហ៊ុន​ Passapp បាន​ត្រឹម​ឱ្យ​ពួក​គេ​ទៅ​ជួប​អ្នក​បើក​ម៉ូតូ​យក​លុយ​វិញ​ តែ​ពួក​គេ​សម្រេច​ចិត្ត​អត់​ទៅជួប​ព្រោះ​ខ្លាច​សុវត្ថិភាព​

៥. ចូល​​មក​ដល់​ក្រុង​ភ្នំពេញ​ នៅ​តែ​មិន​រួច​ខ្លួន​ ប៊ិះនឹង​ត្រូវ​ចោរ​ឆក់​ កាបូប ឆក់​ទូរស័ព្ទ ឆក់​របស់​មាន​តម្លៃ​ព្រោះ​ពេល​ដែល​ម៉ូតូ​កង់​៣​បន្ថយ​លឿន​ មាន​ដៃ​លូក​ចូល​មក​ក្នុង​កង់​៣​ដែល​ពួក​គេ​ជិះ​។ កាន់​តែ​អាក្រក់​ជាង​នោះ​គឺ​​អ្នក​រត់​កង់​៣​យក​គេ​ទៅ​ដាក់​ខុស​គោល​ដៅ​ ហើយ​ជិះមក​ទារ​ប្រាក់​នៅ​កន្លែង​គោល​ដៅ​។

នេះ​គ្រាន់​តែ​ការ​សង្ខេប​ខ្លី​មួយ​ដែល​សារ​ព័ត៌មាន​ត្រយង​យក​មក​ចែក​រំលែក​ ប៉ុន្តែ​ការ​ពិត​យ៉ាង​ណា​នោះ​មាន​តែ​រង​ចាំ​មើល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្រាវជ្រាវ​ករណី​នេះ​បន្ត​ទៀត​ តើ​អ្វី​ដែល​គេ​លើក​ឡើង​នោះ​គឺជា​ការ​ពិត​ដែរ​ទេ? ប៉ុន្តែ​អ្នក​ធ្វើ​ Vlog នោះ​គេ​ថត​បាន​​ភស្តុតាង​​ជា​ច្រើន​ក្នុង​វីដេអូ​ដោយ​សារ​តែ​គេ​ Vlogers ដូច្នេះ​គ្រប់​សកម្មភាព​មាន​ថត​ជាប់​ក្នុង​កាមេរ៉ា​។

មនុស្ស​ជា​ច្រើន​បាន​ចូល​មក​ ​Comment ​អាក្រក់​ៗ​​ និង​ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​កន្លែង​​មួយ​ដែល​អសន្តិសុខ​ ដោយ​ប្រៀប​ធៀប​ជាមួយ​នឹង​ប្រទេស​ថៃ ​ថា​​ជា​កន្លែង​​សំបូរ​សប្បាយ​ មាន​​ទីតាំង​​កម្សាន្ត​​ ​​ធំ​ទូលាយ​ ​គ្រប់​យ៉ាង​​មា​ន​​សុវត្ថិភាព​​…​។
សម្រាប់​​ឆាណែល​ថៃ​​ Thailand​ ​& ​The World ​បាន​យក​រឿង​នេះ​ទៅ​បង្ហោះ​ចែ​កចាយ​បន្​ត នា​ពេល​នេះ​​បាន​វាយ​តម្លៃ​​ថា​ ប្រទេស​ខ្មែរ​ ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ​ ជា​ទីតាំង​ដែល​សំបូរ​ ​មនុស្ស​បោក​ប្រាស់​ ​អំពើ​​ឆបោក​ ចោរកម្ម​ ​គ្មាន​សន្តិ​សុខ​ ​និង​សណ្ដាប់ធ្នាប់​។ ក្រុម​ជនជាតិថែម​និយាយ​ទៀត​ថា​បើ​សិន​ខ្លួន​ឃើញ​ថៃ​ណា​ម្នាក់​ប្រ​ព្រឹត្ត​អំពើ​បោក​ប្រាស់​ ឬ​ពុក​រលួយ​នឹង​ប្រញាប់​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​ភ្លាម​ ព្រោះ​មិន​ចង់​ឱ្យ​មុខមាត់​ប្រទេស​ជាតិ​ត្រូវ​អាប់​ឱន​ដោយ​សារ​តែ​បុគ្គល​​គ្មា​នខួរ​គិត​មួយ​ចំនួន​។​

សារព័ត៌មាន​ត្រយង​កំពុង​តែ​ព្យាយាម​ទំនាក់ទំនង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដើម្បី​ស្រាយ​​បំភ្លឺ​ចំពោះ​ករណី​នេះ​ ប្រសិន​បើ​មិ​ន​ពិត​ទេ​នោះ​ យើង​គួរ​តែ​មាន​ចំណាត់​ការ​សូម​ឱ្យ​បុគ្គល​នោះ​លុប​ចោល​វីដេអូ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​៕
ប្រភព៖ youtube

Share.