សង្គម​សិល្បៈ​៖ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ យប់​ម្សិលមិញ​នេះ​តារា​ចម្រៀង​ជើង​ចាស់​ សាន ផានិត​ បាន​រៀបចំ​កម្មវិធី​សម្ពោធ​ហាង​ថ្មី​របស់​ខ្លួន​ ដែល​ក្នុង​នោះ​មហាជន​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​វត្តមាន​របស់​អ្នក​ឧកញ៉ា​ គួច​ ម៉េងលី​ ដែល​បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​នោះ​ដែរ​។

កម្មវិធី​សម្ពោធ​ហាង​ថ្មី​​របស់​ម្ចាស់​បទ​ «ទូរស័ព្ទ​ប្រាប់​ផង​» មាន​ភ្ញៀវ​កិត្តិយស​យ៉ាង​ច្រើន​កុះ​ករ​ មាន​ទាំង​តារា​ចម្រៀង​​​ចាស់​-ថ្មី អគ្គ​នាយក​សារព័ត៌មាន​ និង ​មន្ត្រី​រាជការ​បាន​ផ្ដល់​កិត្តិយស​ចូលរួម​។ ប៉ុន្តែ​វត្តមាន​របស់​អ្នក​ឧកញ៉ា គួច​ ម៉េងលី ឬ ​ដែល​អ្នក​គាំទ្រ​និយម​ហៅ​ថា លោក​គ្រូ គួច ម៉េងលី ទំនង​ជា​ឆក់​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ជាង​គេ​ ព្រោះ​តែ​សកម្មភាព​ថត​​រូប​អនុស្សាវរីយ៍​របស់​លោក​គ្រូ​ជាមួយ​នឹង​នារី​ស្អាតៗ​ជា​ច្រើន​នាក់​នៅ​ពី​មុខ​ផ្ទាំង​ Backdrop។

ធ្លាប់​មាន​អ្នក​ខ្លះ​លើក​ឡើង​ថា​លោក​គ្រូ គួច​ ម៉េងលី​ អាច​នឹង​រាង​ចាល​លែង​ហ៊ាន​ថត​រូប​ជាមួយ​នឹង​ស្រីៗ​ជា​បន្ត​ទៀត​ហើយ ព្រោះ​យើង​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ថា​ថ្មីៗ​នេះ​លោក​គ្រូ​ត្រូវ​បាន​នារី​ម្នាក់​ចោទ​ប្រកាន់ បណ្ដាល​ឱ្យ​មាន​មតិ​អវិជ្ជមាន​និង​វាយ​ប្រហារ​ចំពោះ​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​លោក​គ្រូ​ជា​ខ្លាំង​។

ជាក់ស្ដែង​រឿង​ហេតុ​ពិត​ប្រាកដ​​ត្រូវ​បាន​លោក​គ្រូ​ចេញ​មកបកស្រាយ​ ​ច្រាន​ចោល​ និង​បដិសេធ​ចំពោះ​ការ​លើក​ឡើង​នោះ​ ដោយ​ក្រោយ​មក​ទៀត​នារី​ជា​ម្ចាស់​ដើម​ហេតុ​ ក៏​បាន​ចេញ​មក​សុំទោស​ចំពោះ​លោក​គ្រូវិញ​ដែរ​។

គួរ​បញ្ជាក់​ថា​រូប​ភាព​រវាង​លោក​គ្រូ​ គួច ម៉េងលី​ នេះ​ថតនៅ​ក្នុង​កម្មវិធី​សម្ពោធ​ហាង​ «ប្រេន​ក្បាល​គីប​សាខា​ទី២» របស់​លោក​ សាន​ ផានិត​ ដែល​មាន​​ទីតាំង​នៅ​កណ្ដាល​ក្រុង​តាខ្មៅ​ ​ជាប់មន្ទីរកសិកម្មក្រុងតាខ្មៅ ខាងមុខសួនច្បារថ្មី​។

Share.