ភ្នំពេញ៖ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ជាសន្តិសុខឯកជនបម្រើការងារនៅទីតាំងមួយកន្លែង មកដេកយាមនៅកន្លែងធ្វើការដូចសព្វមួយដង។ ស្រាប់តែកំពុងអង្គុយលេងទូរសព្ទសុខៗ ក៏កើតខ្យល់គប្រកាច់ ត្រូវបានអ្នកនៅក្បែរកន្លែងកើតហេតុ ឃើញក៏ចូលមកជួយ ដោយរឺតគក់ច្របាច់ ប៉ុន្តែជាអកុសលមិនអាចជួយបាន បុរសខាងលើក៏បានបាត់បង់អាយុជីវិតភ្លាមៗ។

សពជនរងគ្រោះមានឈ្មោះ ភួង ផុន ភេទប្រុស អាយុ 28 ឆ្នាំ មានមុខរបរពេលថ្ងៃជាកម្មករសំណង់ និងពេលយប់ជាសន្តិសុខក្រុមហ៊ុនឯកជន មានស្រុកកំណើតឯខេត្តកំពង់ធំ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង 10:20 នាទីយប់ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2022 តាមបណ្ដោយផ្លូវ 271 ក្នុងសង្កាត់ស្ទឹងមានជ័យមួយ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចជំនាញ កោសល្យវិច័យខណ្ឌមានជ័យ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យលើសពជនរងគ្រោះ ឃើញថាពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន ក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

អត្ថបទ៖ត្រយងតូច

Share.