សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បាន​បង្ហាញ​ឈ្មោះ​ប្រទេស​ចំនួន​៣៥​ ដោយ​បែង​ចែក​ជា​៥​តំបន់ ដើម្បី​បញ្ជូន​ក្រុម​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup ឆ្នាំ​២០២៣ ខាង​មុខ។ ដោយ​ក្នុង​នោះ​​មាន​អាស៊ីខាង​លិចមាន​៨​ប្រទេស, អាស៊ីអាគ្នេយ៍មាន១០​ប្រទេស, អាស៊ីកណ្ដាល៤​ប្រទេស​, អាស៊ី​ខាង​ត្បូង៧​ប្រទេស និងអាស៊ី​ខាង​កើត​៦​ប្រទេស​។

សម្រាប់​កម្ពុជា ស្ថិត​ក្នុង​តំបន់​អាស៊ាន ដោយ​មានកន្លះ​កៅអីប៉ុណ្ណោះ ពោល​គឺ​ស្ថិត​ក្នុង​វគ្គ​ជម្រុះ ស្រប​ពេល​ចន្លោះ​ឆ្នាំ​២០២១ និង​២០២២ កម្ពុជា មាន​ក្រុម​ចំនួន២ ចូលរួម​ប្រកួត​ក្នុង​ពាន​នេះ ដោយ​១ក្រុម​នៅ​ក្នុង​វគ្គ​ចែកពូល និង១ក្រុម​ទៀត​ស្ថិត​នៅ​វគ្គ​ជម្រុះ។

បើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Cambodian Premier League បានឲ្យដឹងថាម្ចាស់ជ័យលាភី នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ គឺជាក្រុមតែមួយគត់ដែលអាចចូលរួមក្នុង AFC Cup ២០២៣-២០២៤ ដើម្បីតំណាងឱ្យប្រទេសកម្ពុជា។

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ក្រុម​របស់​អូស្រ្តាលី បាន​ធ្លាក់​ចេញ​ពី​ពាន AFC Champion League មក​លេង​ក្នុង​ពាន​ AFC Cup ហើយ​ក្រុម​របស់​វៀតណាម បាន​ឡើង​ទៅ​លេង AFC Champion League វិញ​ម្តង។

តារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជាគិតត្រឹមសប្តាហ៍ទី២៥ ខណ:នៅសល់តែ២សប្តាហ៍ទៀតទើបបញ្ចប់រដូវកាល៖
១. វិសាខា ស្ថិតនៅកំពូលតារាង ជាមួយ៤៩ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៥ ស្មើ៤ និងចាញ់៦
២. ព្រះខ័នស្វាយរៀង ស្ថិតនៅលេខ២ ជាមួយ៤៦ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៤ ស្មើ៤ និងចាញ់៧
៣. ភ្នំពេញក្រោន ស្ថិតនៅលេខ៣ ជាមួយ៤៦ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៣ ស្មើ៧ និងចាញ់៥ 
៤. បឹងកេត ស្ថិតនៅលេខ៤ ជាមួយ៣៩ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១១ ស្មើ៦ និងចាញ់៨។

កម្មវិធីប្រកួត និងការផ្សាយផ្ទាល់ (សប្តាហ៍ទី២៦)

Share.